សម្តេច ហ៊ុន សែន នឹងស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដើម្បីឱ្យសមាជិកព្រឹទ្ធសភា ចុះការងារសកម្មនៅមូលដ្ឋាន
សម្តេច ហ៊ុន សែន នឹងស្នើឱ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដើម្បីបែងចែកការងារជាក់លាក់ដល់សមាជិកព្រឹទ្ធសភា ចុះជួបជាមួយអង្គបោះឆ្នោត និងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមមូលដ្ឋាន។
«តាមរយៈឃុំសង្កាត់នេះហើយ ដែលសមាជិកព្រឹទ្ធសភាចុះមូលដ្ឋាន។ ខ្ញុំមិនចង់ឱ្យសមាជិកព្រឹទ្ធសភា ដេកស៊ីប្រាក់ខែនៅភ្នំពេញទេ។»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចប្រធានព្រឹទ្ធសភា ពីពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា។
បើតាមសម្តេច ហ៊ុន សែន លទ្ធភាពនៃការស្នើធ្វើវិសោធនកម្មនេះ អាចធ្វើឡើងនៅក្នុងអំឡុងខែកញ្ញា ឬខែតុលាខាងមុខ ដោយយកប្រព័ន្ធបោះឆ្នោត ដូចការបោះឆ្នោតរដ្ឋសភា គឺការរៀបចំ និងបែងចែកសមាជិក ពី៨ភូមិភាគ ទៅកាន់ជា ២៥មណ្ឌលបោះឆ្នោត។
«ដោយសារមួយភូមិភាគមានដល់ទៅ៦ខេត្ត ហើយសមាជិកព្រឹទ្ធសភាមាន៦នាក់។ អ៊ីចឹងឥឡូវអ្នកណាទៅខេត្តណា? អ្នកណាទៅខេត្តណា? វាលំបាក […] វិធីដែលល្អជាងគេ តាមគំនិតផ្តួចផ្តើម និងការពិភាក្សាជាបឋមជាមួយនឹងថ្នាក់ដឹកនាំមួយចំនួន ថាយកប្រព័ន្ធ វិធីបោះឆ្នោតតាម រដ្ឋសភាតែម្តងទៅ។ យកខេត្តធ្វើជាមណ្ឌល។»។ សម្តេច ហ៊ុន សែន បញ្ជាក់ដូច្នេះ៕