ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ប្រជាការពារពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានបនរសាសន៍ថា បងប្អូនប្រជាការពារពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ហើយភាពប្រសើរឡើងនៃស្ថានភាពទូទៅនៃខេត្តព្រះសីហនុ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ប្រជាការពារនោះឡើយ ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋាន សម្ភារៈ ជូនដល់ប្រជាការពារភូមិទាំង១៥ភូមិ ចំនួន៣៩២រូប ចំណុះសង្កាត់ទាំង៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែកក្កដា ២០២៥ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា យើងកុំគិតថាយើងមិនមែនជាមន្ត្រីក្របខណ្ឌ កុំគិតថាយើងជាមន្ត្រីនគរបាល កុំគិតថាយើងជាមន្ត្រីយុត្តិធម៌ដូចកងរាជអាវុធហត្ថ ព្រោះយើងជាអ្នកស្រឡាញ់ខេត្តព្រះសីហនុ ដូច្នេះយើងត្រូវចូលរួមជាមួយគ្នា ព្រោះប្រជាការពារបានធ្វើការងារយ៉ាងច្រើននៅក្នុងមូលដ្ឋានគ្រប់បែប យ៉ាង ក្នុងការចូលរួមការងារអនាម័យបរិស្ថាន និងសូមថ្លែងអ ណរគុណដល់ប្រជាការពាររបស់យើង និងសូមបន្តការងារដ៏ឧត្តុងឧត្តមរបស់បងប្អូនបន្ថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រគល់ឯកសណ្ឋាននាពេលនេះ គឺជាកិត្តិយស និងជានិមិត្តរូបនៃការទទួលស្គាល់ប្រជាការពាររបស់អ្នកកំពង់សោម យើងអាចបង្កើតវប្បធម៌បំពេញការងារជាមួយគ្នា ដោយសារលោកស្នងការខេត្តព្រះសីហនុ បានជួយឧបត្ថម្ភនូវឯកសណ្ឋានមានសម្លៀកបំពាក់ ស្បែកជើង ដែលជាឯកសណ្ឋានច្បាស់លាស់ យើងត្រូវចូលរួមជ្រោមជ្រែងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងការកសាងខេត្តព្រះសីហនុជាភូមិដ្ឋានក្រេមក្សាន្ត ២៤ម៉ោង លើ២៤ម៉ោង កុំឱ្យភ្ញៀវមកលេងហើយមានការព្រួយបារម្មណ៍ ព្រោះទីក្រុងកំពង់សោម ជាទីក្រុងអន្តរជាតិ។ ទន្ទឹមនោះយើងត្រូវចេះបដិសណ្ឋាកិច្ចចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយប្រជាការពាររបស់យើងត្រូវចូលរួមជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តសម្បុរសប្បាយមានការអភិវឌ្ឍរីកចម្រើននាពេលខាងមុខ។

ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនប្រជាការពារទាំង ៣៩២នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល និងជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ៥,០០០ពាន់ដុល្លាអាមេរិកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង