លោក វ៉ាង វិនពីន៖ ការនាំ«ទុរេនខ្មែរ»ចូលទីផ្សារចិន កើតចេញពីកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ល្អ

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចាត់ទុកការនាំចេញ «ទុរេន​ស្រស់​» ពីកម្ពុជាទៅកាន់ទីផ្សារចិន គឺជាសមិទ្ធផលថ្មីមួយទៀត​នៃកិច្ចសហប្រតិបត្តិការល្អ​រវាង​កម្ពុជា និងចិន។ នេះជាការកសិផលមានគុណភាពខ្ពស់ដំបូងរបស់កម្ពុជា​ដែលត្រូវ​បានអនុញ្ញាតនាំចេញទៅចិន ក្នុងឆ្នាំ២០២៥។

«ទុរេនស្រស់របស់កម្ពុជា បានបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន ហើយអាច​នាំចេញទៅប្រទេសចិនបាន។ នេះជាកសិផលដែលមានគុណភាពខ្ពស់ដំបូងគេ​របស់​កម្ពុជាដែ​លត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២៥ និងជាសមិទ្ធផល​ថ្មី​មួយទៀត នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជាផងដែរ។»។ លោក វ៉ាង វិនពីន ​បានសរសេរបែបនេះ នៅ​​លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី ៨ ខែកក្កដា។

កន្លងទៅ ​ឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏ធ្លាប់លើកសសើរថា ទុរេនខ្មែរ ប្រភេទ «ឪខាក់» ឆ្ងាញ់​ជាង​គេលើពិភពលោក និងចង់ឱ្យវត្តមានទុរេនខ្មែរកាន់តែច្រើន នៅលើទីផ្សារប្រទេសចិន ។

យោងតាមការប្រកាសព័ត៌មា នរបស់ក្រសួងកសិកម្ម នៅថ្ងៃទី ៥ ខែកក្កដា កម្ពុជាទទួលការ​អនុញ្ញាតពីអគ្គរដ្ឋបាលគយចិន (GACC) នាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទី​ផ្សារ ចិនហើយ។ ការសម្រេចរបស់ GACC បានធ្វើឡើង​បន្ទាប់ពីបានវាយតម្លៃលើសំណើ​របស់​ចម្ការទុរេន ១១២កន្លែង និងរោងចក្រវេចខ្ចប់ ៣០កន្លែងនៅ​កម្ពុជា ដែលបានបំពេញលក្ខ​ខណ្ឌជាចម្បង ដូចជាអនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) ភូតគាមអនាម័យ និង​ស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ចិន។

ទុរេន ជាផ្លែឈើទី៥ និងជាកសិផលទី៩ របស់កម្ពុជា ដែលអាចនាំចេញទៅចិន បន្ទាប់ពី ចេក ស្វាយ ដូង មៀន អង្ករ កញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត និងម្រេច៕

លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កម្សាន្តក្នុងចម្ការទុរេន នៅខេត្តកំពត។ រូបថតពីហ្វេសប៊ុករបស់លោក
អត្ថបទដែលជាប់ទាក់ទង