ដកបង្គោលសញ្ញាផ្លូវថ្នល់! យុវជន២រូប ត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនា
ភ្នំពេញ៖ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចោទប្រកាន់លើយុវជន២រូប ដែលបានថតវីដេអូបង្ហោះលើបណ្ដាញសង្គមTikTok ពីសកម្មភាពកាច់បង្គោលសញ្ញាផ្លូវថ្នល់ នៅស្រុកស្វាយជ្រំពីបទធ្វើឱ្យខូចខាតដោយចេតនា និងសមគំនិតក្នុងអំពើធ្វើឱ្យខូចខាតដោយចេតនា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកក្កដា។
កាលពីថ្ងៃទី៦ ខែកក្កដា មានយុវជន ២រូប ជាអនីតិជន បានធ្វើសកម្មភាពកាច់បង្គោលសញ្ញាផ្លូវថ្នល់ នៅភូមិបឹងក្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្រោយមកយុវជនទាំង២ បានថតសកម្មភាពកាច់បង្គោលសញ្ញាផ្លូវថ្នល់នោះជាវីដេអូ ហើយបង្ហោះលើបណ្ដាញសង្គមTikTok។
ជុំវិញសកម្មភាពបែបនេះ បានធ្វើឱ្យមានការរិះគន់ និងបានធ្វើឱ្យសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង ២រូប។ សេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានរៀបរាប់ដូច្នេះ៖«នៅថ្ងៃទី១៥ ខែកក្កដា កម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា ដែលបង្កដោយក្មេងទំនើង ២រូប បាននាំគ្នាធ្វើសកម្មភាពកាច់បង្គោលសញ្ញាផ្លូវថ្នល់»។
ក្រោយស៊ើបអង្កេត និងផ្ទៀងផ្ទាត់លើភស្តុតាង រួមទាំងរបាយការណ៍របស់មន្រ្តីនគរបាលយុត្តិធម៌ តំណាងអយ្យការ សម្រេចចោទប្រកាន់លើយុវជនទាំង២រូប ដែលជាអនីតិជន ពីបទធ្វើឱ្យខូចខាតដោយចេតនា និងសមគំនិតក្នុងអំពើធ្វើឱ្យខូចខាតដោយចេតនា។ យុវជនទាំង ២ ត្រូវផ្តន្ទាទោសតាមមាត្រា២៩ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕