CMAC ពង្រាយកម្លាំងជំនាញជាង៥០០នាក់ ត្រៀមបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅព្រំដែន

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដាក់កម្លាំងជំនាញជាង៥០០នាក់ ដើម្បីចុះទៅតំបន់ព្រំដែន ពិសេសខេត្តព្រះវិហារ និងឧត្តរមានជ័យ ដើម្បីបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ទន្ទឹមនឹងនេះ CMAC ក៏អំពាវនាវឱ្យពលរដ្ឋ ចូលរួមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរក្នុងមូលដ្ឋាន បើប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ។

កងកម្លាំងថៃ បានទម្លាក់គ្រាប់ជាច្រើន ចូលទឹកដីកម្ពុជាអំឡុងពេលប៉ះទង្គិចគ្នាជាមួយថៃ រយៈពេល៥ឆ្នាំ គឺចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ដើម្បីធានាបាននូវសុខសុវត្ថិភាពដល់ពលរដ្ឋ អាជ្ញាធរមីនកម្ពុជា បានប្រកាសលើប​ណ្ដាញសង្គមហ្វេសប៊ុក ឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម

ទន្ទឹមនឹងនេះ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក៏អំពាវនាវដែរ ពិសេសទៅកាន់ប្រជាពលរដ្ឋភៀសសឹក ឱ្យប្រយ័ត្ន លើគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទ ដែលសៀម ទម្លាក់ពីយន្តហោះ គ្រាប់កាំភ្លើងធំ គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌយ៉ាងច្រើប្រភេទ។

ករណីពលរដ្ឋ ប្រទះឃើញ ឬជួបវត្ថុសង្ស័យជាគ្រាប់ អាចទាក់ទងកម្លាំងជំនាញ អង្គភាពCMAC។ ក្នុងខេត្តព្រះវិហារ ពលរដ្ឋអាចទាក់ទងទៅ លោក អ៊ាន សុធា ក្រុមជំនាញ CMAC តាមលេខ ០៩៧ ២២២ ២៧៣៥ និងលោក ហង្ស សាណាល ក៏ជាអ្នកជំនាញ CMAC ដែរ លោកមានលេខទូរស័ព្ទ ០៩៧ ២០០ ១២៩៨។ រីឯ ខេត្តឧត្តរមានជ័យ ប្រជាពលរដ្ឋអាចទាក់ទងទៅ លោក នេត រដ្ឋា ដែលមានលេទូរស័ព្ទ០៩៧ ២០០ ១១៤១ និងលោក ជិន ប៊ុនហឿត មានលេខទូរស័ព្ទ០៩៧ ២០៤ ៥៧៥១។ ពួកគេ សុទ្ធតែជាអ្នកជំនាញអង្គភាព CMAC។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលថ្មីៗ តាមប្រព័ន្ធទូរស័ព្ទ លោក ហេង រតនា បានឱ្យដឹងថា ក្នុងខេត្តឧត្តរមានជ័យ អង្គភាព CMAC កំណត់គោលដៅយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួន២១ភូមិហើយ នៅក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ រីឯ ខេត្តព្រះវិហារវិញ ក្រុមជំនាញកំពុងចុះកំណត់គោលដៅ។

«យើងពង្រាយកម្លាំងជាង៥០០នាក់ ក្នុងនោះ ចែកជា៣ផ្នែក។ ផ្នែកទី១ សំខាន់សម្រាប់ស្រាវជ្រាវកំណត់តំបន់រងផលប៉ះពាល់។ កម្លាំងជំនាញទី២ គឺផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីឆ្លើយតបស្ថានភាពបន្ទាន់ៗ សម្រាប់ចល័តពេលត្រូវការចាំបាច់របស់ពលរដ្ឋ។ ទី៣ គឺកម្លាំងបោសសម្អាត ដែលជាកម្លាំងធំជាងគេ សម្រាប់ធ្វើការបោសសម្អាត ផ្ទៃដីមានយុទ្ធភណ្ឌមិនទាន់ផ្ទុះ»។ នេះផែនការសកម្មភាពរបស់ CMAC ដែលលោក ហេង រតនា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗនៅថ្ងៃនេះ ហើយបញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្លាំងជំនាញ CMAC បានចល័ត ចូលទីតាំងដែលមានយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬសង្ស័យតាមមានគ្រាប់មិនទាន់ផ្ទុះ ដើម្បីបំពេញការងារជាបណ្ដើរៗហើយ។

ជាមួយគ្នាដែរ ទាំងកម្លាំង CMAC និងអាជ្ញាធរមីនក្ពុជា បានចុះផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ យ៉ាងសកម្ម។ ពួកគេ ភាគច្រើន ចុះទៅបញ្ជ្រាបចំណេះដឹង ដល់ជនភៀសសឹក នៅខេត្តឧត្តរមានជ័យ និងព្រះវិហារ។

ចំពោះចំនួនជាក់លាក់ពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងចំនួនគ្រាប់យុទ្ធភណ្ឌដែលផ្ទុះហើយ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ លោក ហេង រតនា ពុំទាន់មានតួលេខច្បាស់នៅឡើយទេ ព្រោះកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរកជាបន្តបន្ទាប់។ យ៉ាងណាក្ដី ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាម ដែលបង្កឡើងដោយយោធាថៃមកលើទឹកដីកម្ពុជា កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រធាន CMAC បានបង្ហាញតួលេខថា មានគ្រាប់បែកចំនួន ១ ៥៤៩គ្រាប់ ដែលយន្តហោះយោធាថៃ ទម្លាក់នៅទិសខេត្តឧត្តរមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង