ប្រទេសថៃ បានប្រកាសឱ្យពលរដ្ឋនៅជាប់ព្រំដែន មីយ៉ាន់ម៉ា ត្រៀមខ្លួនជម្លៀស

ស្ថានការណ៍មិនធូរស្បើយ! ប្រទេសថៃ បានប្រកាសឱ្យពលរដ្ឋនៅជាប់ព្រំដែន មីយ៉ាន់ម៉ា ត្រៀមខ្លួនជម្លៀស ខណៈមេប៉ូលិស ក៏ចេញបញ្ជាឱ្យកងកម្លាំងនៅតាមព្រំដែន នោះ ត្រូវត្រៀមលក្ខណៈជួយជម្លៀសពលរដ្ឋផងដែរ ព្រោះតែសមរភូមិនៅម្ខាងនៃព្រំដែន ឡើងកម្តៅកាន់តែខ្លាំងៗ និងមានក្តីបារម្ភថា ឥទ្ធិពលនៃការប្រយុទ្ធនោះ នឹងបង្កផលប៉ះពាល់ ចូលកាន់តែជ្រៅក្នុងដីថៃ។

(រូប៖ បណ្តាញសង្គម)

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ មេប៉ូលិសថៃ Samran Nuanma បានចេញបញ្ជានេះ ដោយសារតែក្តីបារម្ភអំពីផលប៉ះពាល់ ដល់ពលរដ្ឋនៅតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា ជាពិសេសកុមារ និងមនុស្សចាស់ជរា នៅស្រុក Mae Sot និង Phop Phra នៃខេត្ត Tak។

លោកប្រាប់ឱ្យកងកម្លាំងភូមិភាគ៦ និងសមត្ថកិច្ចល្បាតព្រំដែន ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈ ២៤ លើ ២៤ ម៉ោង ដើម្បីជួយជម្លៀសពលរដ្ឋ ក្នុងករណីចាំបាច់ ហើយពលរដ្ឋ ក៏ត្រូវត្រៀមខ្លួនជានិច្ចផងដែរ ព្រោះតែភាពវឹកវរ និងចលាចល។

(រូប៖ បណ្តាញសង្គម)

បទបញ្ជានេះកើតឡើង ស្របពេលសមរភូមិនៅរដ្ឋការ៉ែន ខាងមីយ៉ាន់ម៉ា រឹតតែពុះកញ្ជ្រោលខ្លាំង ជួនកាលរាលដាលដល់ទឹកដីថៃ ជាពិសេសគ្រាប់កាំភ្លើង និងគ្រាប់ផ្លោង ដែលហោះធ្លាយចូលដល់ដីថៃ ត្រូវចំផ្ទះពលរដ្ឋ បង្កការខូចខាត និងបណ្តាលឱ្យរបួសជនស៊ីវិល ថែមទៀតផង។

មីយ៉ាន់ម៉ា មិនបន្ថយដៃឡើយ ហើយក៏ហាក់ឥតញញើតនឹងការព្រមានរបស់ទីក្រុងបាងកក ដែរ ទោះចុងក្រោយនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ Adul Boonthamcharoen បានទាក់ទងដោយផ្ទាល់ទៅភាគី មីយ៉ាន់ម៉ា ដើម្បីបង្ហាញពីក្តីកង្វល់ និងស្នើសុំឱ្យមីយ៉ាន់ម៉ា ឈប់បាញ់ចូលដីថៃ ទៀតក៏ដោយ។

(រូប៖ បណ្តាញសង្គម)

តាមរបាយការណ៍ កាលពីថ្ងៃចន្ទ, ផ្ទះនិងសំណង់អគារ ចំនួន ១៧ខ្នង ត្រូវរងការខូចខាត ក្នុងភូមិ Mae Sam Laep នៃខេត្ត Mae Hong Son។

ដោយសារសភាពការណ៍គ្រោះថ្នាក់ អ្នកភូមិនៅទីនោះ ក៏ប្រញាប់ជម្លៀសខ្លួន ចោលផ្ទះសម្បែង ​ចេញទៅឆ្ងាយពីទន្លេ Salween ដែលពុះចែកព្រំដែន ថៃ-មីយ៉ាន់ម៉ា ដើម្បីទៅទីទួលសុវត្ថិភាព ខណៈមកទល់ពេលនេះ ជនស៊ីវិលខ្លះនៅមិនទាន់អាចវិលត្រឡប់ ទៅផ្ទះសម្បែងពួកគេវិញបាននៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង