សម្តេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺការកសាងសាលារៀនឱ្យក្លាយទៅជាអង្គភាពផ្ដល់សេវាសាធារណៈនៅជិតប្រជាពលរដ្ឋ

កំពង់ធំ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា អាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺការកសាងសាលារៀនឱ្យក្លាយទៅជាអង្គភាពផ្ដល់សេវាសាធារណៈ នៅជិតប្រជាពលរដ្ឋ និងបំពេញភារកិច្ច ផ្ដល់វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដល់កូនខ្មែរគ្រប់រូបប្រកបដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់។ ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន ៥ខ្នង សរុប ៥៥បន្ទប់ នៅវិទ្យាល័យទ្រៀល ខេត្តកំពង់ធំ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតីមានប្រសាសន៍ថា ការនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការចូលរួមរបស់វិស័យឯកជន និងសប្បុរសជន ដែលជាកម្លាំងគាំទ្របន្ថែមដ៏សំខាន់ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ស្របតាមទិសស្លោក «ទាំងអសគ្នា ដើម្បីការងារអប់រំ» ដែលមានន័យថា ការអប់រំដែលមានគុណភាព ប្រសិទ្ធភាព ត្រូវតែមានការចូលរួមពីគ្រប់ភាគី ជាពិសេសគ្រូបង្រៀន សាលារៀន មាតាបិតា អាណាព្យាបាល អាជ្ញាធរមូលដ្ឋាន សហគមន៍ ដៃគូអភិវឌ្ឍន៍ សមាគមវិស័យឯកជន និងសប្បុរសជន។

សម្តេចបានលើកឡើងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ៥ខ្នង ស្មើនឹង៥៥បន្ទប់នាពេលនេះ គឺជាភស្ដុតាងជាក់ស្ដែងពីសារៈសំខាន់ នៃការសហការរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងសប្បុរសជន ក្នុងងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសិក្សារបស់កម្ពុជា និងយុវជននៅកម្ពុជា និយាយជារួម និងនៅខេត្តកំពង់ធំ និយាយដោយឡែក ហើយទោះបីយ៉ាងណាការចូលរួមរបស់ សប្បុរសជន ការបំពេញបន្ថែមមិនមែនជាការជំនួសតួនាទីរដ្ឋ ក្នុងការធានាផ្ដល់សេវាអប់រំសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌នោះឡើយ តែវិភាគទានរបស់សមាគមឧកញ៉ាកម្ពុជា និងសប្បុរសជនបានចូលរួមចំណែកដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធសិក្សាដែលមានតម្លៃជាសារវន្ត ប៉ុន្តែសមិទ្ធផលនេះនឹងមានតម្លៃកាន់តែខ្ពស់នៅពេលដែលអគារទាំងនេះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព គ្រូបង្រៀនបានល្អ សិស្សរៀនចេះពិតប្រាកដ ហើយកុមារគ្រប់រូបទទួលបានឱកាសកសាងអនាគតរបស់ខ្លួន ដោយក្នុងន័យនេះ យើងត្រូវបន្តរួមគ្នាពង្រឹងភាពជាដៃគូររវាងរដ្ឋ និងវិស័យឯកជន និងសហគមន៍ ដោយត្រូវផ្សារភ្ជាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទៅនឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពអប់រំ និងសមធម៌៕

អត្ថបទដែលជាប់ទាក់ទង