កងកម្លាំងថៃ បានរាយលួសបន្លា និងដាក់កង់ឡាន នៅទល់មុខច្រកជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ
កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាព ចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ នៅថ្ងៃទី១២ និងទី១៣ ខែសីហានេះ។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងបែបនេះនារសៀលថ្ងៃទី១៣ សីហា ដោយបានបញ្ជក់ថា កងកម្លាំងថៃទាំងនោះ បានរាយលួសបន្លា ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងទិសទី១ នៃយោធភូមិភាគទី៥។
ជុំវិញសកម្មភាពយ៉ាងបែបនេះ កម្ពុជាទាមទារឱ្យភាគថៃបញ្ឈប់ជាបន្ទាន់ និងគ្មានល័ក្ខខណ្ឌរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពនៅក្នុងកិច្ចប្រជុំវិសាញ្ញាមគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ ជាពិសេស គឺត្រង់ចំណុចទី២ និងចំណុចទី៤ ដែលបានចែកថា ភាគីកម្ពុជា-ថៃ បានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់នៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមូលនៅម៉ោង១២យប់រំលងអធ្រាត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ឡើយ។ ភាគីទាំងពីរ មិនត្រូវចល័តកងទ័ពរបស់ខ្លួន ដោយរាប់បញ្ជូលទាំងការដើរល្បាតទៅទីតាំងរបស់ភាគីម្ខាងទៀតឡើយ
ផ្អែមតាមកិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំវិសាញ្ញាមគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ កាលថ្ងៃទី៧ ខែសីហា ភាគីទាំងពីរមិនត្រូវប្រព្រឹត្តិសកម្មភាពបង្កហេតុណាមួយនាំឱ្យមានភាពតានតឹង។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងនោះរួមមាន ការធ្វើសកម្មភាពយោធាក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀតនៅពេលបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា។
ភាគីទាំងពីរឯកភាពគ្នា មិនសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេនណដ្ឋានឱ្យហួសពីទីតាំងរបស់ខ្លួនឡើយ។ ជាមួយគ្នានេះ ស្របតាមការឯកភាពក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) ដោយគោរពឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារមាត្រា ៥ ត្រូវរក្សាស្ថានភាពដដែល ដោយហាមធ្វើសកម្មភាពណាមួយ ដែលនាំឱ្យមានការប្រែប្រួលបរិស្ថាននៃតំបន់ព្រំដែន។
ចំពោះតំបន់ណា មិនទាន់មានការឯកភាពគ្នា ត្រូវរង់ចាំការចរចា ការដោះស្រាយរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គផលព្រំដែនគោក កម្ពុជា-ថៃ (JBC)។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលកម្ពុជានៅតែប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា និងគោលការណ៍ឯកភាពទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិន។
សារជាថ្មីម្តងទៀត កម្ពុជាអំពាវនាវដល់ភាគីថៃឱ្យប្រកាន់ភ្ជាប់នូវស្មារតីបទឈប់បាញ់ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិដែលជាដំណោះស្រាយដ៏ត្រឹមត្រូវ មិនលំអៀង និងយុត្តិធម៌ ព្រមទាំងនាំមកនូវសន្តិភាព និងភាពរីកចម្រើនសម្រាប់ប្រជាជនទាំងពីរ៕