ស្នងការនគរបាលខេត្តកណ្ដាល បង្ហាញលទ្ធផលពិសោធន៍ នៃផលិតផល៤មុខរបស់ Love Riya ដែលមានសារធាតុគីមីហាមឃាត់លើសកម្រិត ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់
(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផល នៃការធ្វើពិសោធន៍ និងធ្វើតេស្ដនូវផលិតផលចំនួន៤មុខ ក្នុងចំណោមផលិតផល ផ្សេងទៀតរបស់ Love Riya (ឆេង ស្រីរ័ត្ន) ដែលត្រូវបានរកឃើញថា មានសារធាតុគីមីហាមឃាត់លើសកម្រិតខុសច្បាប់អនុញ្ញាត និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។
តាមរយៈ Facebook លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសម្ដែងនូវការសោកស្ដាយ និងអាណិតដល់អ្នករងគ្រោះដែលធ្លាប់ជឿជាក់លើផលិតផលរបស់អ្នកនាង Love Riya ដែលខិតខំប្រឹងរកលុយមកទិញផលិតផល របស់ក្រុមហ៊ុនខាងលើយកមកប្រើប្រាស់ និងប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃ ទៅមួយថ្ងៃ។ លោកស្នើសុំឲ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននិងកំពុងបំពុលសង្គមពាក់ព័ន្ធ បុគ្គលរូបនេះ។
បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត, ក្រោយពីមន្ដ្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្ដ្រីនគរបាលជំនាញ។
សូមរំលឹកថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន២បទល្មើស។ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចោទប្រកាន់អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ចំនួនពីរបទល្មើស រួមមាន «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។
អ្នកនាង Love Riya ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។
ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ៕