ប្រកាសចូលកាន់តំណែងលោក រាជ សុវណ្ណ ជាអភិបាលក្រុងកោះរ៉ុង ជំនួសលោក នួន ប៊ុនថុល ដែលទទួលតំណែងថ្មី ជាអភិបាលក្រុងកំពង់សោម

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានណែនាំយ៉ាងម៉ឺងមាត់ ទៅដល់អភិបាលក្រុងកោះរ៉ុង ទើបចូលកាន់តំណែងថ្មី ​ក្នុងនាមជាអភិបាលក្រុងត្រូវយកចិត្តទុកដាក់ដឹកនាំកិច្ចការងារអភិវឌ្ឍន៍រីកចម្រើន ជួយសម្រួលពន្លឿនការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរ ជាពិសេស​ធានាបាននូវការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបបានទាន់ពេលវេលានូវសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ណែនាំបែបនេះក្នុងពិធីប្រកាសចូលកាន់តំណែងលោក រាជ សុវណ្ណ ជាអភិបាលក្រុងកោះរ៉ុង ជំនួសលោក នួន ប៊ុនថុល ដែលទៅទទួលតំណែងថ្មីជាអភិបាលក្រុងកំពង់សោម ក្នុងនោះក៏មានការប្រកាសតែងតាំង អភិបាលរងក្រុងកោះរ៉ុងផងដែរ តាមប្រកាសលេខ ៦៧៥អនក្រ.តត ស្តីពីការតែងតាំងឋានន្ដរស័ក្ដិមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ ពិធីប្រកាសប្រព្រឹត្តទៅនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុងកោះរ៉ុង។

លោក ម៉ាង ស៊ីណេត បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពក្រុង ត្រូវសហការជាមួយក្រសួង ស្ថាប័ន មន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីការពារនឹងទប់ស្កាត់ឱ្យបានជាដាច់ខាតរាល់ការកាប់បំផ្លាញ និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ដូចនេះក្នុងនាមគណៈបញ្ជាការឯកភាពក្រុង ត្រូវគ្រប់គ្រង់ដីចំណីឆ្នេរឱ្យបានម៉ឺងម៉ាត់តាមប្លង់គោល រាល់ការសាងសង់ត្រូវមានលិខិតអនុញ្ញាតឱ្យបានត្រឹមត្រូវ ហើយគណៈបញ្ជាការឯកភាពក្រុង ត្រូវសហការជាមួយដៃគូរអភិវឌ្ឍន៍ក្នុងការរៀបចំសម្អាតបរិស្ថាន អនាម័យ និងសោភ័ណភាពតំបន់ឆ្នេរ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»

លោកបានបន្ថែមទៀតថា គណៈបញ្ជាការភាពរដ្ឋបាលទាំងអស់ ត្រូវពង្រឹងគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពបទល្មើស និងការប៉ុនប៉ងបង្កភាពចលាចល ភាពវឹកវរ និងអសន្តិសុខសង្គម ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ រួមចំណែកក្នុងការទាក់ទាញទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគមកកាន់តំបន់កោះ កាន់តែច្រើនបន្ថែមទៀតបង្កើនជីវភាពដល់ប្រជាពលរដ្ឋ និងបង្កើនសេដ្ឋកិច្ចដល់សង្គម។

ដើម្បីឆ្លើយតបចំពោះទំនុកចិត្តពីរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំខេត្ត លោក រាជ សុវណ្ណ ដែលបានចូលកាន់មុខតំណែងជាអភិបាលក្រុងកោះរ៉ុង បានធ្វើការប្ដេជ្ញាចិត្ត ក្នុងការបំពេញតួនាទីឱ្យបានល្អ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព ពង្រីកកិច្ចសហការស្អិតរមួតជាមួយកងកម្លាំងប្រដាប់អាវុធ បណ្តាមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធនានាក្នុងក្រុងកោះរ៉ុង ដើម្បីបម្រើប្រជាពលរដ្ឋ សំដៅកែប្រែនិងលើកស្ទួយជីវភាពរស់នៅ សុខមាលភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំងបង្កលក្ខណៈសម្បត្តិងាយស្រួលដល់ការប្រកបអាជីវកម្មនានាមានភាពងាយស្រួលនិងទាន់ពេលវេលាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង