បារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់កម្ពុជា-ថៃ ក្នុងបំពេញការងារដោះមីនរួមគ្នានៅតាមព្រំដែន

ប្រទេសបារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់កម្ពុជា-ថៃ ក្នុងបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែនរបស់ប្រទេសទាំងពីរ។ ការចេញមកស្វាគមន៍របស់ប្រទេសបារាំងនាថ្ងៃនេះ គឺមានរយៈពេលប្រមាណជិត១ សប្ដាហ៍ ក្រោយពីកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ​ បានបញ្ចប់ទៅកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅលើទឹកដីខេត្តកោះកុង។

ទំព័រហ្វេសប៊ុកផ្លូវការណ៍ស្ថានទូតបារាំងប្រចាំកម្ពុជា បានផ្សព្វផ្សាយសេចក្ដីថ្លែងការណ៍នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ដូច្នេះ៖«ប្រទេសបារាំងស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទឈប់បាញ់។ បារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់កម្ពុជា-ថៃ ក្នុងបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែន។ »។

តាមរយៈសេចក្ដីថ្លែងការណ៍ដដែល ប្រទេសបារាំងបញ្ជាក់សាជាថ្មីនូវការគាំទ្រដ៏ពេញទំហឹងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះដើម្បីស្ថិរភាពក្នុងតំបន់។

សូមរម្លឹកថា នៅក្នុងកិច្ចប្រជុំពិសេសលើទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី១០​ ខែកញ្ញា កន្លងទៅ ប្រមុខការពារជាតិកម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ រៀបចំឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្តើមកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីន ក្នុងរយៈពេល ១ ខែខាងមុខ ក្នុងគោលដៅចូលរួមចំណែកដោយផ្ទាល់ដល់ការងារដោះមីនមនុស្សធម៌ ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស ធ្លាប់បានអះអាងថា កម្ពុជា-ថៃ អាចបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្ដោយព្រំដែនបាន លុះត្រាតែស្រាវជ្រាវរកកំណត់ព្រំដែនអាទិភាពជាមុនសិន ជាពិសេសបោសសម្អាតមីននៅតំបន់ណាដែលមានមនុស្សរស់នៅ និងកន្លែងណាដែលការបោសសម្អាតនោះបម្រើដោយផ្ទាល់ដល់តម្រូវការសេដ្ឋកិច្ចសង្គម ការពារជីវិតប្រជាជនស៊ីវិលនៃប្រទេសទាំងពីរផង និងគាំទ្រដល់ស្ថិរភាពតំបន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង