អភិបាលខេត្តកែប រំលឹកមន្ត្រីរាជការ ត្រូវអនុវត្តសមត្ថភាពឱ្យក្លាយទៅជាមន្ត្រីពូកែ ស្អាតស្អំ ដែលពលរដ្ឋត្រូវការ និងប្រកាន់យកគោលការណ៍ដឹកនាំប្រកបដោយ គុណធម៌ សីលធម៌

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែម បានក្រើនរំលឹកថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តកែប​ទាំងអស់ ក្នុងនាមជាមន្ត្រីរាជការ គឺត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានល្អ ពង្រឹងអនុវត្ត សមត្ថភាពរបស់ខ្លួន ឲ្យក្លាយទៅជាមន្ត្រីពូកែ និងស្អាតស្អំ ដែលពលរដ្ឋត្រូវការ ហើយក្នុងការដឹកនាំក៏ត្រូវធ្វើខ្លួនជាគំរូល្អ សម្រាប់មន្ត្រីក្រោមឱវាទ និងប្រកាន់យកគោលការណ៍ដឹកនាំល្អ ប្រកបដោយ គុណធម៌ សីលធម៌។

ការក្រឹនរំលឹកបែបនេះ ខណៈលោកបណ្ឌិត សោម ពិសិដ្ឋ និងលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប បានដឹកនាំជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ជួបជុំសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ដែលបានប្រព្រឹត្តធ្វើឡើង នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកែប។

អភិបាលខេត្តកែប បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានសុភមង្គល ប្រកបដោយសក្ដានុពលសំបូរបែប រួមទាំងការខិតខំបំពេញតួនាទីភារកិច្ច បំរើប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានណែនាំ ដល់កម្លាំងសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆាប់ៗខាងមុខនេះ ត្រូវរក្សាអោយបាននូវសន្តិសុខ សណ្តាប់ធ្លាប់ល្អ ទប់ស្កាត់រាល់បទល្មើសនានា
ផ្តោតសំខាន់អនុវត្តលើគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

ក្ក្នុងពិធីសំណេះសំណាលនេះ លោកបណ្ឌិតអភិបាល​ខេត្ត​ និងប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​កែប បានផ្ដល់ជូននូវម៉ាសុីនកុំព្យូទ័រ​ ដល់សាលាឃុំ​ សង្កាត់​ អង្គភាព​ពាក់ព័ន្ធ​ ដេីម្បីយកទៅប្រេីប្រាស់សម្រាប់បម្រេីសេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។

ជាមួយគ្នានេះ មន្ត្រី​រាជការ​ មន្ត្រី​ជាប់កិច្ចសន្យា​ និងអ្នកសារព័ត៌មាន ក៏ទទួលបាន​ ភេសជ្ជៈ​ អង្ករ​ មី​ ព្រមទាំងថវិកាមួយចំនួន ដែលជាផ្នែកមួយនៃការចែករំលែកសេចក្តីមេត្តា ករុណា និងការចងក្រងសាមគ្គីភាពជាក្រុមគ្រួសារ​ បង្កើនសេចក្តីស្រលាញ់ ចំពោះគ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង