រដ្ឋ​បាលខេត្តបន្ទាយមានជ័យ ទាត់ចោលព័ត៌មានប្រឌិតរបស់ The Nation Thailand ថា អាជ្ញាធរខេត្តស្រះកែវ ទុកពេល៣០ថ្ងៃឲ្យពលរដ្ឋខ្មែរឈប់រស់នៅភូមិមានជម្លោះ

(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុងចំពោះព័ត៌មានប្រឌិតដែលផ្សាយដោយសារព័ត៌មាន The Nation Thailand នាថ្ងៃទី១៧ ខែកញ្ញ ឆ្នាំ២០២៥ថា ខេត្តស្រះកែវទុកពេល៣០ថ្ងៃ ឲ្យប្រជាពលរដ្ឋខ្មែរ ឈប់រស់នៅក្នុងភូមិមានជម្លោះ។

អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានអះអាងថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា ខាងភាគី ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានស្នើសុំមកភាគីខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា មានចំនួន៨ចំណុច តែភាគីខេត្តបន្ទាយមានជ័យ មិនបានឯកភាពនោះទេ។

ការចុះផ្សាយរបស់គេហទីព័រ សារព័ត៌មាន The Nation Thailand បានស្រង់យកនូវខ្លឹមសារតែមួយជ្រុង គ្មានមូលដ្ឋាន ដែលបង្ហាញ ពីការញុះញ៉ង គំរាមកំហែងដល់អធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់កម្ពុជា។ ទន្ទឹមនេះ ក្នុងអង្គប្រជុំភាគីខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំទៅភាគី ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ចំនួន៤ចំណុច ដូចខាងក្រោម៖

១៖ ស្នើសុំរក្សាស្ថានភាពដើម ដោយគោរពឲ្យបានម៉ឹងម៉ាត់តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវីសាមញ្ញ GEC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លទ្ធផលនៃកិច្ចប្រជុំ RBC នាពេលកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយមិនត្រូវពង្រីកវិសាលភាព នៃបញ្ហា ឬការខ្វែងគំនិតគ្នា ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចំរុះព្រំដែន (JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃនាពេលខាងមុខ

២៖ ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេស MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ ភាគីថៃ ត្រូវឲ្យប្រជាពលរដ្ឋកម្ពុជា ចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ និងត្រូវដោះបន្លាលួស ស្បៃ និងកង់ឡានចេញពីទីតាំងដែលថៃបានដាក់

៣៖ ស្នើសុំភាគីថៃជៀសវាងការធ្វើសកម្មភាពផ្សេងៗ ដូចជា៖ ការដាក់បន្លាលួសបន្ថែម, ការចេញ បណ្ណកម្មសិទ្ធិ, ការធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាជនដែលនៅជាប់ក្នុង បន្លាលួស និងធ្វើសកម្មភាពផ្សេងទៀតនៅលើទីតាំង ឬតំបន់ដែល JBC នៃភាគីទាំងពីរពុំទាន់ បានឯកភាពគ្នា

៤៖ ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ត្រូវបញ្ជួនទៅ GBC ឬ JBC៕

អត្ថបទដែលជាប់ទាក់ទង