អភិបាលខេត្តបាត់ដំបង ណែនាំឲ្យត្រៀមលក្ខណៈដើម្បីបង្ការ និងសង្គ្រោះពលរដ្ឋពីទឹកជំនន់ក្នុងមូលដ្ឋាន
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញ ចូលរួមដោយ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាល ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាល ប្រជុំសាលាខេត្តបាត់ដំបង។
បន្ទាប់ពីស្ដាប់លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្ត អានសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់គណៈបញ្ជាការឯកភាពខេត្តបាត់ដំបងរួច លោក សុខ លូ បានណែនាំឲ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន បន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឲ្យបានកាន់តែល្អប្រសើរ។
លោក សុខ លូ បានអំពាវនាវដល់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋ និងអាជីវករទាំងអស់បានជ្រាប និងអញ្ជើញចូលរួម «ពិធីបុណ្យកឋិនសាមគ្គីរបស់រដ្ឋបាលខេត្តបាត់ដំបង» នៅថ្ងៃ១៥កើត-១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសក រាជ ២៥៦៩ ត្រូវនឹងថ្ងៃអង្គារ-ពុធ ទី៧-៨ ខែតុលា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ ដែលនឹងត្រូវដង្ហែទៅវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា «វត្តព្រះពុទ្ធជ័យមង្គល ហៅវត្តបត់សាលា »ស្ថិតនៅក្នុង ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់។
លោក សុខ លូ បានណែនាំបន្ថែមដល់ការរៀបចំបញ្ជីឈ្មោះពលករដែលចំណាកស្រុកវិលពីប្រទេសថៃវិញ របស់រដ្ឋបាលក្រុង ស្រុកទាំង១៤។ ការងារត្រៀមបង្ការគ្រោះមហន្តរាយ ដោយស្ថានភាពទឹកជំនន់ និងការត្រៀម សង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះដំណាំផ្សេងៗផងដែរ។ អាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែកបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងខិតខំបង្រ្កាប ទប់ស្កាត់ការជួញដូរ ការដឹក ជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ល្បែងស៊ីសង ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន៍ ការបង្ក្រាបការឆ្លងដែន មនុស្សនិងទំនិញ ខុសច្បាប់តាមព្រំដែន៕