សហរដ្ឋអាមេរិក បញ្ជូនប្រព័ន្ធប្រឆាំងដ្រូនទៅកាន់ដាណឺម៉ាក ដើម្បីការពារកិច្ចប្រជុំ EU

(កូប៉ិនហាក)៖ ក្រសួងការពារជាតិដាណឺម៉ាក បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី៣០ ខែកញ្ញាថាសហរដ្ឋអាមេរិកនឹងដាក់ពង្រាយប្រព័ន្ធប្រឆាំងដ្រូនក្នុងប្រទេសដាណឺម៉ាក ខណៈទីក្រុងកូប៉ិនហាកនឹងត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលមួយរបស់សហភាពអឺរ៉ុបក្នុងសប្ដាហ៍នេះ បន្ទាប់ពីការទន្ទ្រានចូលដោយដ្រូនជាបន្តបន្ទាប់បានបង្ខំឱ្យអាជា្ញធរដាណឺម៉ាកបិទអាកាសយានជាច្រើននៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសពីការដាក់ពង្រាយប្រព័ន្ធប្រឆាំងដ្រូនខាងលើ ធ្វើឡើងបន្ទាប់ពីអាកាសយានដ្ឋានកូប៉ិនហាក (Copenhagen Airport) ដែលជាអាកាសយានដ្ឋានមមាញឹកមួយក្នុងតំបន់អឺរ៉ុបខាងជើង ត្រូវបានបិទទ្វារ អស់រយៈពេលជាច្រើនម៉ោងកាលពីសប្ដាហ៍មុន រួមជាមួយអាកាសយានដ្ឋានតូចៗជាច្រើនផ្សេងទៀត ក្រោយប្រទះឃើញវត្តមានដ្រូនហោះចូលដែនអាកាសដាណឺម៉ាក។ ដ្រូនទាំងនោះក៏បានហោះលើទីតាំងយោធា ផងដែរ ខណៈមិនទាន់មានសេចក្ដីរាយការណ៍ពីឧបទ្ទវហេតុថ្មីណាមួយទេចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញាមក។ ប៉ុន្តែក្រុមប្រទេសអឺរ៉ុបបានដាក់ការសង្ស័យថានេះជាទង្វើរបស់រុស្ស៉ី តែទីក្រុងមូស្គូបានប្រកែក។

គួរបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវែស ប៉ូឡូញ និងស៊ុយអែត ក៏បានប្រកាសពីការដាក់ពង្រាយប្រព័ន្ធប្រឆាំងដ្រូនទៅកាន់ដាណឺម៉ាកផងដែរ ដើម្បីការពារកិច្ចប្រជុំ EU ដែលមានថ្នាក់ដឹកនាំ EU ជាង៤០រូប ត្រូវចូលរួមប្រជុំ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង