សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ក្នុងសារលិខិត «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយ និងគាំទ្រ ចំពោះការរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ (ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ) រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ក្នុងទិវាដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវគារវភក្តី និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត
នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គទាំងទ្វេតែងបានយកព្រះទ័យទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាជន ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ដោយក្តីអាណិតស្រឡាញ់ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ថ្លៃថ្លាជួយ ដល់ប្រជាជន កូនចៅ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ»។

សម្ដេចមហាបវរធិបតីបានបន្ដថា «ខ្ញុំក៏សូមយកឱកាសនេះសម្តែងនូវការគោរពដឹងគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរបានយកអស់នូវកម្លាំងកាយ កម្លាំងប្រាជ្ញា និងធនធាន យកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ»។

ជាមួយគ្នានេះខ្ញុំព្រះករុណា ក៏សូមថ្លែងនូវអំណរព្រះគុណប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងអរគុណជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ ភ្នាក់ងារសហប្រជាជាតិ អង្គការជាតិ ១/៣អន្តរជាតិ ផ្នែកឯកជន សប្បុរសជន និងប្រទេសជាមិត្ត ដែលបានឧបត្ថម្ភគាំទ្រ និងបរិច្ចាគធនធាន សម្ភារៈជួយដល់ប្រជាជនកម្ពុជា ដែលទទួលរងនូវគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយបង្កដោយមនុស្ស។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ក្នុងស្ថានការណ៍បច្ចុប្បន្ន ពិភពលោកបាននិងកំពុងប្រឈម ទៅនឹងវិបត្តិហានិភ័យជាច្រើន បង្កឡើងដោយធម្មជាតិ និងមនុស្ស ដូចជាការកើនឡើងកម្ដៅភពផែនដីដែលបណ្តាលមកពី ការប្រែប្រួលអាកាសធាតុ ដោយបង្កឱ្យមានជាគ្រោះមហន្តរាយធម្មជាតិ រួមមានទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី ភ្លើងឆេះព្រៃ ជំងឺរាតត្បាត។ល។ មកលើប្រទេសជាច្រើន មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រឡើយ។ ជាមួយគ្នានេះសង្គ្រាម និងជម្លោះប្រដាប់អាវុធនៅតំបន់មួយចំនួន ក្នុងពិភពលោកដែលជាគ្រោះមហន្តរាយដោយមនុស្ស បន្តវិវត្តលេចធ្លោឡើងប្រកបដោយភាពស្មុគស្មាញថែមទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដោយឡែកកម្ពុជាក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរស្ថានភាពអាកាសធាតុ ដូចជាការកើនឡើងកម្ដៅ ក្នុងរដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយមិនបានល្អ ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត អគ្គិភ័យ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀត បានបង្កផល ប៉ះពាល់ដល់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាជន និងសហគមន៍ជាច្រើន។

ប៉ុន្តែទោះស្ថិតក្នុងកាលៈទេសៈណាក្តី រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុបដែលមានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយជាសេនាធិការ ធ្វើការសម្របសម្រួលជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរដែនដីគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ផ្នែកសាធារណៈ ផ្នែកឯកជន សង្គមស៊ីវិល ធ្វើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជួយសង្គ្រោះការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងដោះស្រាយរាល់បញ្ហាផ្សេងៗ ជូនប្រជាជនរងគ្រោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ ជាពិសេសការឆ្លើយតបដោយបំពេញកិច្ចការមនុស្សធម៌ ចំពោះប្រជាពលរដ្ឋភៀសសឹក ដែលបង្កឡើងដោយជម្លោះនៅព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា «ប្រធានបទដែលត្រូវបានលើកយកមក ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាឱកាសនេះ ស្របជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ ដែលជាការផ្សារភ្ជាប់ កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ រួមជាមួយថ្នាក់តំបន់ និងអន្តរជាតិ អំពីសារៈសំខាន់នៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការបង្ហាញអំពីជំហរ ការប្តេជ្ញាចិត្ត និងសាមគ្គីភាពរបស់ប្រជាជាតិអាស៊ាន ក្នុងការរួមគ្នាគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ ក្នុងស្មារតីការលើកកម្ពស់អាស៊ានតែមួយ និងស្របតាមក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងទៀតថា ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច-សង្គម របស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ននិងចីរភាព។ ក្នុងន័យនេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺមានតួនាទីក្នុងការចូលរួមធ្វើសកម្មភាព កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយធ្វើការវិនិយោគភាពវៃឆ្លាត គឺការវិភាជទុននិងធនធានដោយផ្ទាល់ ដើម្បីធ្វើសមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅក្នុងការអភិវឌ្ឍសហគមន៍។

ចំពោះប្រធានបទឆ្នាំនេះគឺ «ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ» ជាការលើកទឹកចិត្តដល់ស្ថាប័ន និងប្រជាជនទាំងអស់ ឱ្យចូលរួមក្នុងការកែលម្អសុវត្ថិភាព និងភាពធន់របស់សហគមន៍។ ដើម្បីឱ្យការប្ដេជ្ញានេះក្លាយជាការពិត ខ្ញុំសូមអំពាវនាវដូចខាងក្រោម៖
១៖ លើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការកាត់បន្ថយហានិភ័យ និងការយល់ដឹងអំពីគ្រោះមហន្តរាយ។
២៖ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹងធនធានមនុស្ស និងសម្ភារៈសម្រាប់ការឆ្លើយតប ព្រមទាំងត្រូវចូលរួមអនុវត្តផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិ។
៣៖ ការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ឱ្យទទួលបានលទ្ធផលល្អ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តពង្រឹងប្រព័ន្ធអន្តរក្រសួង ដោយធ្វើការអភិវឌ្ឍ សមត្ថភាពលើការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅតាមវិស័យ។
៤៖ រាជធានី ខេត្ត ត្រូវលើកកម្ពស់ការគ្រប់គ្រងទឹកជំនន់ គ្រោះរាំងស្ងួត ជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធ
គ្រប់គ្រងទឹកនៅមូលដ្ឋាន ដើម្បីបង្កើនភាពធន់របស់ប្រជាពលរដ្ឋ ទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ។
៥៖ ក្រសួងការពារជាតិ ត្រូវបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព និងជំនាញបច្ចេកទេសរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ។
៦៖ លើកកម្ពស់ការអប់រំផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈអំពីហានិភ័យគ្រោះមហន្តរាយ ដល់សាធារណជន និងភាគីពាក់ព័ន្ធ ដោយត្រៀមខ្លួនជាស្រេចទៅនឹងគ្រោះមហន្តរាយ។
៧៖ ចូលរួមថែរក្សាកំណើនសេដ្ឋកិច្ច និងបង្កើនភាពធន់ ដោយវិនិយោគវៃឆ្លាតលើលំនៅឋាន សហគមន៍ និងមុខរបរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណ ដល់គ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ ផ្នែកឯកជន សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិតសាសនា សហគមន៍ និងប្រជាជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្ររួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយពេលមានគ្រោះមហន្តរាយកើតឡើងនាពេលកន្លងមក និងបន្តជួយឧបត្ថម្ភគាំទ្រ និងបន្តកិច្ចសហការតទៅទៀត»៕

អត្ថបទដែលជាប់ទាក់ទង