អភិបាលខេត្តកណ្ដាល ឱ្យអាជ្ញាធរៀបចំទីទួលសុវត្ថិភាព ដើម្បីត្រៀមបង្ការទឹកជំនន់ហក់ឡើង
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរក្នុងដែនដីខ្លួន រៀបចំទី ទួលសុវត្ថិភាពឱ្យហើយ ដើម្បីតៀមជម្លៀសពលរដ្ឋ សត្វចិញ្ចឹម និងសម្ភារផ្សេង។ ការបញ្ជា ឱ្យត្រៀមបង្ការទឹកជំនន់នេះ ក៏ដោយសារលោកសង្កេតឃើញ ទឹកទន្លេបន្តហក់ឡើង ហើយ តំបន់មួយចំនួនក៏បន្តមានភ្លៀងធ្លាក់។
នៅថ្ងៃទី១៤ ខែតុលានេះ រដ្ឋបាលខេត្តកណ្ដាល បានចេញផ្សាយសេចក្ដីណែនាំស្ដីពីការ ត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ ក្នុងពេលទឹកជំនន់ទន្លេកំពុងបន្តហក់ឡើង តាមបណ្តា ក្រុង ស្រុក ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។ លិខិតនេះចេញដោយលោក គួច ចំរើន ហើយអភិបាលខេត្ត បានអំពាវពាវអាជ្ញាធរតាមមូលដ្ឋាន ពិសេសមន្ទីរ និងអង្គភាពពាក់ព័ន្ធ ត្រៀមខ្លួនអន្តរាគមន៍ជួយពលរដ្ឋ។
តាមដានការព្យាករកម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីដើមខែតុលា ទឹកទន្លេ នឹងបន្តឡើងដល់កម្ពស់ ២១,៩៧ ម៉ែត្រ ដែលជិតដល់កម្រិត ប្រកាសអាសន្នឱ្យ ប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ។ ចំណែកនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា អាច មានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ។ រីឯ តំបន់ខ្លះអាចមានភ្លៀងធ្លាក់ច្រើនលាយឡំផ្គរ និងរន្ទះ។
ស្ថានភាពបែបនេះ រដ្ឋបាលខេត្តកណ្តាល ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេស ប្រជាពលរដ្ឋដែលរងគ្រោះ និងកំពុងប្រឈមទឹកជំនន់ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យ បានខ្ពស់។ ពលរដ្ឋរស់នៅតំបន់ប្រឈមគ្រោះទឹកជំនន់ ត្រូវរាយការណ៍ពីស្ថានភាពទឹក ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីងាយស្រួលឆ្លើយតបទាន់ពេល។
រីឯ រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងមន្ទីរជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្ត ទុកដាក់ត្រួតពិនិត្យ តាមដាន ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ និងជនងាយរង គ្រោះ ឱ្យប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ ពីទឹក ជំនន់។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំ ទី ទួលសុវត្ថិភាព សម្រាប់ការជម្លៀសប្រជាពលរដ្ឋរងគ្រោះ តាមរយៈសៀវភៅផែនការ ត្រៀម បម្រុងការឆ្លើយតបគ្រោះមហន្តរាយខេត្តឆ្នាំ២០២៥។
ក្នុងលិខិតដដែល លោក គួច ចំរើន សង្កត់ធ្ងន់ទៅ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និង កងកម្លាំងយ៉ាងដូច្នេះ៖ «ត្រូវរៀបចំសម្អាតទីទួលសាធារណៈ និងទីទួលសុវត្ថិភាព ដែល មានកំណត់ក្នុងសៀវភៅផែនការ ឬនៅមានទីទួលសុវត្ថិភាពបម្រុងណាផ្សេងទៀត។ ហើយ ត្រូវធានាលើការជម្លៀសប្រជាពលរដ្ឋ សម្ភារ សត្វពាហនៈ បានទាន់ពេលវេលា ហើយ ទទួលបានជោគជ័យ ករណីនៅក្នុងតំបន់ប្រឈមនឹងទឹកជំនន់ខ្លាំង។ លើសពីនេះ ត្រូវ ជម្លៀសបងប្អូនប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ដោយសហការជាមួយកម្លាំង សមត្ថកិច្ច ហើយយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ»។
អភិបាលខេត្ត ក៏ចង្អុលបង្ហាញឱ្យអាជ្ញាធរត្រៀម ទូក កាណូត សម្រាប់ដឹកជញ្ជូន និងជួយសង្គ្រោះផងដែរ។ ហើយអាជ្ញាធរ ត្រូវស្រង់ទិន្នន័យពីផលប៉ះពាល់ ពាក់ព័ន្ធនឹងការស្នាក់នៅ ជនងាយរងគ្រោះ ការជន់លិចដំណាំកសិកម្ម ឱ្យបានច្បាស់លាស់ដែរ។
ចំណែក មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវកត់ត្រា និងផ្ដល់ព័ត៌មានបច្ចុប្បន្នភាព ស្តីពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេ ទៅកាន់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្នុង១ថ្ងៃ ចំនួន ២លើក។ មន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមរថយន្តសង្គ្រោះ សម្ភារ បរិក្ខា ថ្នាំពេទ្យ ថ្នាំបង្ការពីសត្វអាសិរពិស និងចុះអប់រំ ផ្សព្វផ្សាយ និងណែនាំផ្នែកសុខភាពដល់ប្រជាពលរដ្ឋនៅទីទទួលសុវត្ថិភាព អំពីរក្សាអនាម័យសុខភាព ទឹកស្អាត ចំណីអាហារ និងបរិស្ថាន ដើម្បីចៀសវាងពីបញ្ហាជំងឺឆ្លងផ្សេងៗ។ ទាំងនេះ ជាការណែនាំរបស់អភិបាលខេត្តកណ្ដាល៕