បើយ៉ាងហ្នឹងទេ ព្រៃឈើរលាយឆាប់អស់ហើយ! រោងចក្រសាខាទី៦របស់ក្រុមហ៊ុន មឿង សុក នៅស្រុកស្នួល រងការសង្ស័យប្រមូលទិញឈើចម្រុះគ្មានការរាំងខ្ទប់
ខេត្តក្រចេះ ៖ សកម្មភាពប្រមូលទិញ និងដឹកជញ្ជូនឈើចម្រុះពីប្រជាពលរដ្ឋនៅតាមតំបន់ឆ្ងាយៗចូលទៅកាន់រោងចក្រទី៦ របស់ក្រុមហ៊ុន មឿង សុក ដែលមានទីតាំងស្ថិតនៅភូមិរវៀងជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កំពុងរងការសង្ស័យពីប្រភពព័ត៌មានក្នុងមូលដ្ឋានថា អាចមានភាពមិនប្រក្រតីពាក់ព័ន្ធនឹងប្រភពដើមឈើ និងឯកសារអនុញ្ញាតតាមផ្លូវច្បាប់។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានឱ្យដឹងថា ជារៀងរាល់ពេលល្ងាច និងទៀបភ្លឺ គេតែងសង្កេតឃើញមានគោយន្តកន្ត្រៃដឹកឈើចម្រុះជាច្រើនប្រភេទ និងច្រើនខ្នាត ចេញពីតំបន់ភូមិយែ ឃុំថ្មី ស្រុកចិត្របុរី ដែលមានព្រំប្រទល់ជាប់ឃុំស្វាយជ្រះ ស្រុកស្នួល ឆ្ពោះទៅកាន់បរិវេណរោងចក្រខាងលើ។
ប្រភពដដែលបានអះអាងថា ការដឹកជញ្ជូននេះ ធ្វើឡើងតាមតម្រូវការបញ្ជាទិញរបស់អ្នកគ្រប់គ្រងរោងចក្រដែមានថៅកែជាជនជាតិចិន ដើម្បីយកឈើទៅប្រើប្រាស់ក្នុងសកម្មភាពផលិតកម្ម ជាពិសេស សម្រាប់ធ្វើជាប៉ារ៉ែត ឬទ្រនាប់សម្រាប់ទ្រកល់ និងដាក់ថ្មម៉ាប ។ ប្រជាពលរដ្ឋមួយចំនួនដែលអះអាងថា ជាអ្នកផ្គត់ផ្គង់ឈើបានឱ្យដឹងថា ការបញ្ជាទិញរបស់រោងចក្រហាក់មិនបានកំណត់ប្រភេទឈើឱ្យបានច្បាស់លាស់នោះទេ ដោយទទួលទិញឈើចម្រុះដែលអាចយកទៅអារប្រើប្រាស់បាន ចាប់ពីឈើខ្នាតតូចរហូតដល់ឈើខ្នាតធំ ។
តាមប្រភពខាងលើ តម្លៃទិញមានចាប់ពីប្រមាណ៣០០រៀល រហូតដល់ជាង១០.០០០រៀលក្នុងមួយដុំ អាស្រ័យលើទំហំឈើ ។ ប្រភពដដែលក៏បានអះអាងថា ប្រជាពលរដ្ឋមួយចំនួនបានចូលទៅកាប់ឈើនៅតំបន់ព្រៃក្នុងមូលដ្ឋាន រួមទាំងឈើដែលអាចមិនទាន់គ្រប់អាយុកាប់ រួចអារច្រៀកជាដុំនិងដឹកជញ្ជូនតាមគោយន្តកន្ត្រៃយកទៅផ្គត់ផ្គង់រោងចក្រនេះ។ ទោះជាយ៉ាងណា ការអះអាងទាំងនេះ នៅមិនទាន់មានការផ្ទៀងផ្ទាត់ជាផ្លូវការពីស្ថាប័នជំនាញនៅឡើយទេ ។ ពាក់ព័ន្ធនឹងករណីនេះ ប្រភពពីមន្ត្រីសមត្ថកិច្ចមួយរូបបានលើកឡើងថា ក្រុមហ៊ុនមានលិខិតពាក់ព័ន្ធនឹងការប្រមូលទិញឈើ ប៉ុន្តែព័ត៌មានអំពីវិសាលភាព និងសុពលភាពនៃលិខិតនោះនៅលាក់លៀម មិនទាន់ត្រូវបានបង្ហាញឱ្យបានច្បាស់លាស់នៅឡើយ។
ជុំវិញបញ្ហានេះ សារព័ត៌មានបានព្យាយាមទាក់ទងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើក្នុងមូលដ្ឋាន តាមប្រព័ន្ធទូរស័ព្ទ ដើម្បីស្នើសុំការបញ្ជាក់អំពីលិខិតអនុញ្ញាតប្រមូលទិញឈើ និងនីតិវិធីគ្រប់គ្រងប្រភពឈើរបស់រោងចក្រ ប៉ុន្តែមិនទាន់ទទួលបានការបំភ្លឺជាផ្លូវការនៅឡើយទេ ។ ជាមួយគ្នានេះ សារព័ត៌មានក៏បានព្យាយាមស្វែងរកការបំភ្លឺពីតំណាងក្រុមហ៊ុនផងដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតប ។ មន្ត្រីមានសមត្ថកិច្ចមួយរូបបានបកស្រាយអំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធថា យោងតាមគោលការណ៍ច្បាប់ស្តីពីព្រៃឈើ និងបទប្បញ្ញត្តិពាក់ព័ន្ធ ការប្រមូលទិញ ការកាន់កាប់ ការដឹកជញ្ជូន និងការប្រើប្រាស់ផល អនុផលព្រៃឈើ ត្រូវមានប្រភពដើមច្បាស់លាស់ និងឯកសារគាំទ្រត្រឹមត្រូវតាមការកំណត់របស់ស្ថាប័នមានសមត្ថកិច្ច ។
ជាពិសេស សម្រាប់រោងចក្រដែលប្រើប្រាស់ឈើចម្រុះជាវត្ថុធាតុដើម ឬសម្ភារជំនួយក្នុងដំណើរការផលិតកម្ម ទោះបីជាឈើទាំងនោះ មិនមែនជាផលិតផលស្នូលរបស់រោងចក្រក៏ដោយ ក៏មិនមានន័យថា អាចប្រើប្រាស់ឈើដោយគ្មានការបញ្ជាក់ពីប្រភពស្របច្បាប់បានដែរ ។ តាមគោលការណ៍នៃការអនុវត្តច្បាប់ រោងចក្រដែលទិញឈើមកកែច្នៃដោយខ្លួនឯង ត្រូវពិនិត្យឱ្យបានច្បាស់លាស់អំពីលិខិតអនុញ្ញាតពាក់ព័ន្ធនឹងសកម្មភាពកែច្នៃ ប្រភពវត្ថុធាតុដើម និងឯកសារដឹកជញ្ជូនផលិតផលព្រៃឈើតាមការកំណត់របស់រដ្ឋបាលព្រៃឈើ ។ ចំណែកឯការទិញប៉ារ៉ែតដែលផលិតរួចពីអ្នកផ្គត់ផ្គង់ខាងក្រៅ ក៏ត្រូវមានឯកសារទិញលក់ វិក្កយបត្រ លិខិតបញ្ជូនទំនិញ និងព័ត៌មានអាចតាមដានប្រភពអ្នកផលិតបាន ដើម្បីបង្ហាញពីភាពច្បាស់លាស់នៃខ្សែសង្វាក់ផ្គត់ផ្គង់។
ជាមួយគ្នានេះ អ្នកផ្គត់ផ្គង់ និងអ្នកទទួលទិញត្រូវអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់រៀងៗខ្លួន ដោយមិនអាចប្រើប្រាស់វិក្កយបត្រទិញលក់តែមួយមុខ ដើម្បីជំនួសឯកសារបញ្ជាក់ប្រភពដើមឈើ ឬការអនុញ្ញាតដែលច្បាប់តម្រូវបានឡើយ ។ អុីចឹងហើយបានជាព្រៃឈើចេះតែរលាយអស់ ។ ប្រភពដដែលបន្តថាដើម្បីបំបាត់ការសង្ស័យ និងធានាថា សកម្មភាពប្រមូលទិញឈើរបស់រោងចក្រខាងលើប្រព្រឹត្តទៅស្របតាមច្បាប់ គួរមានការចុះត្រួតពិនិត្យពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសរដ្ឋបាលព្រៃឈើ ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួន៖
១-ពិនិត្យលិខិតអនុញ្ញាតប្រមូលទិញ និងប្រើប្រាស់ផល អនុផលព្រៃឈើរបស់ក្រុមហ៊ុន ព្រមទាំងវិសាលភាពនៃការអនុញ្ញាត។
២-ផ្ទៀងផ្ទាត់ប្រភពដើមឈើដែលប្រជាពលរដ្ឋនាំយកមកលក់ ថាតើបានមកពីចម្ការឈើដាំ ប្រភពដែលច្បាប់អនុញ្ញាត ឬតំបន់ព្រៃដែលត្រូវបានការពារ និងអភិរក្ស។
៣-ពិនិត្យឯកសារដឹកជញ្ជូន បរិមាណ ប្រភេទឈើ និងសៀវភៅកត់ត្រាចូល-ចេញស្តុករបស់រោងចក្រ។
៤-ពិនិត្យថាតើសកម្មភាពអារឈើ និងផលិតប៉ារ៉ែតក្នុងបរិវេណរោងចក្រ ត្រូវបានអនុញ្ញាតតាមបទប្បញ្ញត្តិពាក់ព័ន្ធឬយ៉ាង
ណា។
៥-ប្រសិនបើរកឃើញភាពមិនប្រក្រតី ត្រូវចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
ជុំវិញករណីនេះ សាធារណជនកំពុងរង់ចាំការបញ្ជាក់ពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងតំណាងក្រុមហ៊ុន មឿង សុក ថា តើសកម្មភាពប្រមូលទិញឈើចម្រុះដែលត្រូវបានរាយការណ៍ខាងលើ មានឯកសារអនុញ្ញាតគ្រប់គ្រាន់ និងប្រភពដើមឈើស្រ៊បតាមច្បាប់ដែរឬទេ ។ ការចុះត្រួតពិនិត្យ និងបង្ហាញលទ្ធផលជាសាធារណៈ គឺជាកត្តាសំខាន់ក្នុងការបង្កើនតម្លាភាព ការពារធនធានធម្មជាតិ និងធានាថាការធ្វើអាជីវកម្មមិនបង្កផលប៉ះពាល់ដល់ធនធានព្រៃឈើរបស់ជាតិ បើបណ្តោយទៀត រោងចក្រនេះលេបឈើអស់មិនខាន ក្នុងខេត្តក្រចេះ ។
ប្រភព៖ កោះសន្តិភាព


