ក្រសួងរៀបចំដែនដី កំពុងគិតគូរជាយុទ្ធសាស្ត្ររៀបចំទីតាំងផែសម្រាប់ទេសចរណ៍ និងដឹកជញ្ជូនទំនិញនៅតាមបណ្ដាខេត្តជាប់ដងទន្លេមេគង្គ និងទន្លេសាប ក្នុងគោលដៅប្រែក្លាយតំបន់នេះឱ្យក្លាយជាដង្ហើមសេដ្ឋកិច្ចសម្រាប់កម្ពុជា

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងគិតគូរជាយុទ្ធសាស្ត្រសម្រាប់ជំរុញសក្តានុពល នៃការដឹកជញ្ជូនតាមផ្លូវទឹកដោយរៀបចំទីតាំងផែ និងផែរណបនៅតាមបណ្តាខេត្តដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាប ជាប្រយោជន៍សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងសម្ភារៈទំនិញផ្សេងៗ សម្រាប់នាំចេញក្នុងតំបន់បានកាន់តែងាយស្រួល ឆាប់រហ័ស ការធ្វើដំណើរទេសចរណ៍មានភាពរស់រវើក សម្បូរបែប ក្នុងគោលដៅប្រែក្លាយតំបន់នេះ ឱ្យក្លាយជាដង្ហើមសេដ្ឋកិច្ចសម្រាប់កម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនទូកទេសចរណ៍តាមបណ្ដោយទន្លេមេគង្គ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សាប្រមូលធាតុចូលបន្ថែមទៀត ទាក់ទិននឹងកិច្ចការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ឬសម្ភារៈទំនិញផ្សេងៗ តាមរយៈក្រុមហ៊ុនទូកទេសចរណ៍នៅតាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប ។

ម៉្យាងវិញទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យល់ឃើញថា ទាក់ទិននឹងកិច្ចការនេះ នៅបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប គួរតែមានផែទេសចរណ៍ ឬផែរណបសម្រាប់ទូកទេសចរណ៍ដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងទំនិញសម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ ដោយកិច្ចការនេះ ត្រូវពឹងផ្អែកលើការរៀបចំគិតគូរតំបន់នេះឱ្យបានច្បាស់លាស់ ក្នុងគោលដៅជំរុញឱ្យតំបន់នេះក្លាយជារបៀងសេដ្ឋកិច្ច និងជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញពីគោលបំណងក្នុងការសម្រួលដល់ការដឹកជញ្ជូន ឬធ្វើដំណើរតាមផ្លូវទឹក ដោយធ្វើយ៉ាងណាអោយគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា យើងអាចធ្វើដំណើររឺដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងសម្ភារៈទំនិញផ្សេងៗក្នុងរយៈពេល ២ម៉ោង ដែលនាំឱ្យកម្ពុជាមានចរន្តសេដ្ឋកិច្ចរស់រវើក ៕

អត្ថបទដែលជាប់ទាក់ទង