ក្លងថ្នាំហឺតសញ្ញាហង្សថៃដ៏ល្បី ត្រូវគេរកឃើញការផលិតគ្មានស្តង់ដារ ហើយមានផ្ទុកមេរោគ ៣ ប្រភេទនេះទៀត
ថ្មីៗនេះ រដ្ឋបាលចំណីអាហារ និង ឱសថរបស់ថៃ FDA បានចេញសេចក្តីប្រកាសមួយទាក់ទងលទ្ធផលនៃការត្រួតពិនិត្យទៅលើបំពង់ហឺតល្បីម៉ាកហង្សថៃ ដោយបានឱ្យដឹងថាផលិតផលនេះមិនបានផលិតត្រឹមត្រូវតាមស្តង់ដារ និង ថែមទាំងមានផ្ទុកមេរោគមួយចំនួនទៀត។
ក្រោយពីបានយកសំណាកផលិតផលរបស់បំពង់ហឺតថ្នាំបុរាណ រូបមន្តទី ២ ចុះលេខបញ្ជី G 308/62 របស់ក្រុមហ៊ុនហង្សថៃទៅពិនិត្យ លទ្ធផលបានបង្ហាញថាបំពង់ហឺតនេះ បានផលិតឡើងខុសស្តង់ដារ ដោយមិនបានធ្វើតេស្តរកមេរោគឱ្យបានត្រឹមត្រូវ។ ក្នុងនោះ គេបានប្រទះឃើញមេរោគចំនួន ៣ ប្រភេទនៅក្នុងបំពង់ហឺតនេះ ដែលមានដូចជា Total Aerobic Microbial Count, Total Combined Yeasts and Mould Count និង Clostridium spp។
ចំពោះករណីនេះ អ្នកផលិតអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ២ សែនបាត។ ចំណែកឯអ្នកលក់អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៦ ខែ និង ពិន័យជាប្រាក់ចំនួន ៥ ម៉ឺនបាត។ ដោយឡែក រដ្ឋបាលចំណីអាហារ និង ឱសថរបស់ថៃ កំពុងពិចារណាទៅវិធានការផ្លូវច្បាប់ទាំងនេះចំពោះក្រុមហ៊ុនផលិត ហើយក៏បានដាស់តឿនសាធារណជនឱ្យប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ផលិតផលមួយនេះផងដែរ៕
ប្រភព៖ Khaosod

