ពលរដ្ឋថៃ នៅភាគខាងត្បូង បានលើកគ្នាទៅទីក្រុងបាងកក ដើម្បីធ្វើបាតុកម្ម ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រេងសាំង និងទំនិញឡើងថ្លៃ និងចាត់វិធានការខ្លាំងក្លាជាងមុន ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន
ពលរដ្ឋថៃ នៅភាគខាងត្បូង បានលើកគ្នាទៅទីក្រុងបាងកក ដើម្បីធ្វើបាតុកម្ម ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រេងសាំង និងទំនិញឡើងថ្លៃ និងចាត់វិធានការខ្លាំងក្លាជាងមុន ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន។
តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ការតវ៉ានេះ ដឹកនាំដោយលោក Mano Khrueakaew ជាមេភូមិមួយ ស្ថិតក្នុងឃុំ Krabi Noi នៃស្រុក Mueang Krabi ក្នុងខេត្ត Krabi។
ក្នុងបាតុកម្មនោះ ដែលគេដាក់ឈ្មោះ «រណសិរ្សបដិវត្តន៍ប្រជាជនដើម្បីការពារទឹកដី» ហៅកាត់ PRNF, លោក Mano បានដឹកនាំបាតុករ ដោយជិះរថយន្តជាក្បួន ឆ្ពោះទៅកាន់រាជធានីរបស់ប្រទេសថៃ ដើម្បីធ្វើបាតុកម្មនៅមុខវិមានរដ្ឋាភិបាល។
ដោយឡែក បើតាមការផ្សាយរបស់ Bangkok Post, ដំបូងមានរថយន្តចុះបញ្ជីចូលរួមបាតុកម្មនេះចំនួន ៤០គ្រឿង ប៉ុន្តែអ្នករៀបចំ ដាក់ក្តីសង្ឃឹមថា នឹងមានរថយន្តកាន់តែច្រើន មកចូលរួម ដើម្បីចេញក្បួនតវ៉ា។
តាមផែនការ ក្បួននេះ នឹងទៅដល់ទីក្រុងបាងកក នៅថ្ងៃសៅរ៍ ទី៧ ហើយនឹងបោះជំរំតវ៉ា នៅច្រកទ្វារទី៤ នៃវិមានរដ្ឋាភិបាល តែម្តង ខណៈកងកម្លាំងប៉ូលិស កំពុងតាមដានស្ថានការណ៍៕
ប្រភព៖ Amarin TV & Bangkok Post


