អ៊ុយក្រែនសុំមីស៊ីល Tomahawk ម្តងទៀតពីលោក ដូណាល់ ត្រាំ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើសុំសាជាថ្មីទៅកាន់លោក ដូណាល់ ត្រាំ ថា អាមេរិកគួរតែផ្តល់ឱ្យអ៊ុយក្រែននូវអាវុធរយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីល Tomahawk ដើម្បីវាយប្រហារចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី។

លោកប្រធានាធិបតី ហ្សេលេនស្គី បានប្រាប់សារព័ត៌មាន Axios ក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃចន្ទថា ប្រាកដណាស់ ការដាក់សម្ពាធសេដ្ឋកិច្ចអាចធ្វើឱ្យស្ថានភាពផ្លាស់ប្តូរ ប៉ុន្តែការដាក់ទណ្ឌកម្មនោះ មិនគ្រប់គ្រាន់ដើម្បីរារាំងរុស្ស៊ីបញ្ឈប់សង្គ្រាមបានឡើយ។

មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា លោកប្រធានាធិបតី ត្រាំ គឺបារម្ភពីការកើនឡើងជម្លោះ ប៉ុន្តែខ្ញុំគិតថា បើសិនគ្មានការចរចាទេ នោះជម្លោះនឹងកាន់តែរីកធំ ហើយលោក ពូទីន ក៏មិនព្រមបញ្ឈប់សង្គ្រាមដែរ ដូច្នេះយើងត្រូវធ្វើអ្វីម្យ៉ាងដើម្បីរារាំងគាត់។

ប្រធានាធិបតីអ៊ុយក្រែនមានវ័យ៤៧ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ទណ្ឌកម្មគឺប្រៀបដូចជាអាវុធមួយប្រភេទ ប៉ុន្តែយើងក៏ត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់រោងចក្រថាមពលជ្រៅៗនៅក្នុងទឹកដីរុស្ស៊ីផងដែរ។

សូមរម្លឹកថា កាលពីដើមខែនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានច្រានចោលការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដល់អ៊ុយក្រែន ដោយប្រាប់មូលហេតុថា លោកមិនចង់ធ្វើឱ្យសង្គ្រាមមួយនេះកាន់តែរីកធំឡើង។ មីស៊ីល Tomahawk របស់អាមេរិក ត្រូវបានគេជឿជាក់ថា អាចមានសមត្ថភាពវាយប្រហារទីតាំងសត្រូវក្នុងចម្ងាយដល់ទៅ ២,៥០០គីឡូម៉ែត្រ៕

ប្រភព ៖ RT

អត្ថបទដែលជាប់ទាក់ទង