ដ្បិតតែទៅដល់ប្រទេសកូរ៉េខាងត្បូងហើយក្តី ប៉ុន្តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែរំលឹកឈ្មោះលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជួយដោះស្រាយជម្លោះកម្ពុជា-ថៃ

ដ្បិតតែទៅដល់ប្រទេសកូរ៉េខាងត្បូងហើយក្តី ប៉ុន្តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែរំលឹកឈ្មោះលោក អាន់វ៉ា អ៊ីប្រាហ៊ីម និងលើកសរសើរនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ ថាជាបុគ្គលដើរតួសំខាន់ក្នុងការនាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការផ្សាយរបស់ Bernama

ថ្លែងក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង Gyeongju កាលពីថ្ងៃពុធទី២៩ខែតុលាឆ្នាំ២០២៥ លោកត្រាំលើកឡើងថា៖ «ដោយមានជំនួយពីម៉ាឡេស៊ី កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាដោយជោគជ័យរវាងកម្ពុជានិងថៃ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃអាទិត្យ ហើយក្រោយមកប្រហែលពីរថ្ងៃ យើងបានបញ្ចប់រឿងនេះ ដោយមានជំនួយពីម៉ាឡេស៊ី។ ម៉ាឡេស៊ីគឺជាអ្នកសម្របសម្រួល យើងបានជ្រើសរើសទីតាំងដ៏ស្រស់ស្អាតនៅម៉ាឡេស៊ី»។

លោកត្រាំបន្តថា៖ «ម៉ាឡេស៊ីពិតជាអស្ចារ្យណាស់! ពួកគេបានជួយអនុវត្តការចុះហត្ថលេខា ហើយលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ពិតជាមនុស្សដ៏អស្ចារ្យបំផុត។ ខ្ញុំទើបតែឃ្លាតឆ្ងាយពីគាត់បានពីរថ្ងៃ យើងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ មេដឹកនាំថៃនិងកម្ពុជាបានមកដល់ អ្នកទាំងពីរប្រៀបដូចជាមិត្តល្អនឹងគ្នា។ ពិតជារឿងដ៏ស្រស់ស្អាតដែលបានឃើញបែបនេះ ព្រោះយើងបានសង្គ្រោះជីវិតមនុស្សរាប់លាននាក់»។

សូមជម្រាបជាថ្មី ក្រោមអធិបតីលោកត្រាំនិងលោក អាន់វ៉ា, កម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងអំឡុងកិច្ចប្រជុំអាស៊ានលើកទី៤៧នៅទីក្រុង គូឡាឡាំពួ។

កិច្ចព្រមព្រៀងនេះ ធ្វើឲ្យប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព រំភើបចិត្តនិងអបអរទូទាំងប្រទេស ​ហើយសង្ឃឹមយ៉ាងមុតមាំថា ភាគីថៃនឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ក្នុងពេលឆាប់បំផុត៕

 

អត្ថបទដែលជាប់ទាក់ទង