រដ្ឋាភិបាល​​វៀតណា​​ម​​​ឲ្យអ្នកសារព័ត៌មាន​ក្លាហាន​ឡើង​​រួមចំណែក​កម្ចាត់ពុករលួយ​ និង​ភាព​ខ្ជះខ្ជាយ

រដ្ឋាភិបាល​វៀតណាម​ដែលគេ​ធ្លាប់​ដឹង​​​យ៉ាងទូលំទូលាយ​ថា ​​មាន​ការ​រឹត​ត្បិត​ដល់​សេរី​ភាព​​​សារព័ត៌មាន​ក្នុងពេលកន្លង​មក​​ ​ប៉ុន្តែ​​ពេលនេះ​​​បាន​​លើក​ទឹកចិត្ត​ដល់​អ្នកសារ​ព័ត៌មាន និង​​​​​​​​​​​អំពាវនាវ​​ដល់​អ្នកសារ​ព័ត៌មាន​​​​ឲ្យ​មាន​សេចក្តីក្លាយ​ហាន​​​​​​​​​​ក្នុង​ការ​ប្រយុទ្ធ​​នឹង​អំពើ​ពុក​រលួយ ដែល​​គេចាត់​ទុក​ថា​ «សត្រូវ​​ប្រជាជន​ និង​ជាអ្នក​ឈ្លានពានផ្ទៃក្នុង»។​

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ​ (Pham Minh Chinh)​ បាន​លើក​ឡើង​​​ក្នុង​​​កម្មវិធីប្រគល់ពានរង្វាន់​សារព័ត៌មានជាតិលើកទី៥ ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ និងបាតុភូតអវិជ្ជមានឆ្នាំ ២០២៤-២០២៥ នៅទីក្រុងហាណូយ​ ដោយបានអំពាវនាវឱ្យអ្នកសារព័ត៌មានរក្សាការតាមដាន ក្លាហាន និងខ្ជាប់ខ្ជួនក្នុងការប្រយុទ្ធនេះ។

​ពាន​រង្វាន់​​​អ្នកសារព័ត៌មាន​នេះ​ រៀបចំដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ​វៀតណាម​ (VFF) សម្របសម្រួលជាមួយសមាគមអ្នកសារព័ត៌មានវៀតណាម និងទូរទស្សន៍វៀតណាម ពានរង្វាន់នេះប្រារព្ធខួបលើកទី៩៥ នៃទិវាប្រពៃណីរបស់ VFF (ថ្ងៃទី១៨​ខែវិច្ឆិកា ឆ្នាំ ១៩៣០-២០២៥)។

​ដោយ​បានរម្លឹក​​​​ដល់​អតីត​អគ្គលេខាធិការ​​បក្ស​កុម្មុយនីស្តវៀតណាម​ លោក ហូ ជីមិញ តាម​ការ​ចេញ​ផ្សាយ​របស់ ​​vietnamplus.vn នាយករដ្ឋមន្ត្រី​​​វៀតណាម​ ​បាន​អះអាង​ថា៖«ការកេងបន្លំ ការខ្ជះខ្ជាយ និងការិយាធិបតេយ្យគឺជាសត្រូវរបស់ប្រជាជន» ដោយពណ៌នាពួកគេថាជា «អ្នកឈ្លានពានផ្ទៃក្នុង»។

​​នាយករដ្ឋមន្ត្រី​វៀតណាម​ បាន​លើក​ឡើង​ថា​​ ដោយឈរលើគោលការណ៍នេះ បក្ស និងរដ្ឋ​បានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាព​ខ្ជះខ្ជាយ និងការប្រព្រឹត្តិខុសឆ្គង ដោយអនុវត្តគោលការណ៍ «គ្មានតំបន់ហាមឃាត់» និង «គ្មានករណីលើកលែង» សម្រេចបានលទ្ធផលសំខាន់ៗ និងទូលំទូលាយ ដោយមានការចូលរួមចំណែកយ៉ាងធំធេងពីភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មានទូទាំងប្រទេស។

​នាយករដ្ឋមន្ត្រី​វៀតណាម ​បាន​​លើក​ឡើងថា ​សារព័ត៌មាន​បដិវត្សរ៍​វៀតណាម​ ជានិច្ចកាល​​​​ស្ថិតនៅ​ជូរ​មុខ​​​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​​ ភាពខ្ជះខ្ជាយ​ និង​បាតុភូត​​អវិជ្ជមាន។​​

នៅពីក្រោយ​​គ្រប់​អត្ថបទ និងរបាយការណ៍ស៊ើបអង្កេត​ តែងមាន​ការច្នៃប្រឌិតឥតឈប់ឈរ ការលះបង់អស់ពីចិត្ត ភាពក្លាហាន និងបញ្ញារបស់អ្នកសារព័ត៌មាន ដោយនាយករដ្ឋមន្ត្រី​វៀតណាម​​ ចាត់ទុកអ្នកសារព័ត៌មាន​​​ជា​អ្នក​បំភ្លឺពន្លឺនៃយុត្តិធម៌ និងការពិត ជួយអាជ្ញាធរស៊ើបអង្កេត និងដោះស្រាយករណីធ្ងន់ធ្ងរនៃអំពើពុករលួយ និងភាព​​ខ្ជះខ្ជាយ។

លោកបានកត់សម្គាល់ថា ជាមួយនឹងការប្រគល់​ពារង្វាន់​​ចំនួនប្រាំ​លើក​​ ពានរង្វាន់នេះបានបញ្ជាក់ពីកិត្យានុភាព និងឥទ្ធិពលដ៏ទូលំទូលាយរបស់ខ្លួន។

តាមការ​ចេញ​ផ្សាយ​​របស់​សារព័ត៌មានវៀតណាម ស្នាដៃជាច្រើនបានគូសបញ្ជាក់ពីគំរូ​​​​​​ជាក់ស្តែង​​ ខណៈពេលដែលការងារជាច្រើនទៀតបង្ហាញយ៉ាងច្បាស់ពីតួនាទីសំខាន់របស់ VFF និងអង្គការនយោបាយ និងសង្គម និងការចូលរួមយ៉ាងសកម្មរបស់សាធារណជនក្នុងការប្រយុទ្ធនេះ។

​នៅ​ក្នុងពិធី​ប្រគល់​ពានរង្វាន់​​​នោះ ​​ក្រុម​អ្នក​ព័ត៌មាន​ និង​​ក្រុម​ការីនិពន្ធ​​ចំនួន​៤៤​នាក់​ត្រូវ​បាន​​​​ផ្តល់​ពាន​រង្វាន់​ជាកិត្តិយស​​​​។

​​ទោះបី​មាន​ការ​លើក​កម្ពស់​បែបនេះ​​ជា​សាធារណៈ​ថ្នាក់​ជាតិ​ក៏ដោយ ប្រទេសវៀតណាម​ត្រូវ​បាន​អង្គការ​អន្តរជាតិ​​មើល​ឃើញ​ថា​ ​បាន​គាបសង្កត់​​​សិទ្ធិសេរីភាព​នៃ​សារ​ព័ត៌មាន​​ឯករាជ្យ និង​មាន​ចាប់​ដាក់​ព័ន្ធធនាគារ​លើ​អ្នកសារ​ព័ត៌មាន​​​ដែលហ៊ាន​រិះគន់​​​រដ្ឋាភិបាល​ទៀត​ផង​។

អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) ​​មានអ្នកសារព័ត៌មាន​យ៉ាងហោចណាស់ ២៧​នាក់ត្រូវបានឃុំខ្លួនក្នុងលក្ខខណ្ឌដែលជារឿយៗបង្កការគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ។ វៀតណាមស្ថិតក្នុងចំណោម​​ប្រទេស​មាន​​អ្នកទោស​ជាអ្នកកាសែតធំបំផុតរបស់ពិភពលោក ហើយជាប់ចំណាត់ថ្នាក់ទី ១៧៣​ ក្នុងចំណោម ១៨០ ប្រទេស និងដែនដី​អធិបតេយ្យ​​៕​

អត្ថបទដែលជាប់ទាក់ទង