ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់រុស្ស៊ី និងចិន ថាបានធ្វើតេស្តនុយក្លេអ៊ែរនៅក្រោមដីជាសម្ងាត់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់រុស្ស៊ី និងចិន ថាបានធ្វើតេស្តនុយក្លេអ៊ែរនៅក្រោមដីជាសម្ងាត់ ទោះបីជាលោកមិនបានផ្តល់ព័ស្តុតាង ដើម្បីគាំទ្រការអះអាងនេះក៏ដោយ។

យោ​ងតាម​ការ​ចុះ​ផ្សាយ​របស់ AFP កាល​ពី​ថ្ងៃ​ទី​៣​វិច្ឆិកា នៅពេលដែលត្រូវបានសួរអំពីការណែនាំរបស់គាត់ទៅកាន់មន្ទីរបញ្ចកោណ​ដើម្បីរៀបចំសម្រាប់ការបន្តការសាកល្បងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកឡើងវិញ លោកត្រាំ​​បានឆ្លើយ​នៅក្នុងបទសម្ភាសន៍​មួយ​ថា «រុស្ស៊ី និងចិនកំពុងធ្វើតេស្ត ប៉ុន្តែពួកគេមិននិយាយ​អំពី​វា​ទេ។ ខ្ញុំមិនចង់​ឲ្យ​សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលមិនធ្វើអ្វីនោះឡើយ»។

លោកត្រាំ បានបន្ថែមថា ប្រទេសកូរ៉េខាងជើង និងប៉ាគីស្ថាន ក៏កំពុងធ្វើការសាកល្បងនុយក្លេអ៊ែរផងដែរ ហើយបានការពារជំហររបស់លោកថា សហរដ្ឋអាមេរិកគួរតែធ្វើតាម។ លោក​បាន​មាន​ប្រសាសន៍​ថា «យើង​ត្រូវ​តែ​សាក​ល្បង​ដើម្បី​មើល​ថា​តើ​ពួកវា​​ដំណើរ​ការ​យ៉ាង​ណា»។

បច្ចុប្បន្ន កូរ៉េ​ខាងជើង ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​គេ​ស្គាល់​ថា​បាន​ធ្វើ​ការ​បំផ្ទុះ​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ។ ទិន្នន័យ​ដែល​មាន​ជា​សាធារណៈ​បង្ហាញ​ថា រុស្ស៊ីមិន​បាន​សាកល្បង​តាំងពីឆ្នាំ១៩៩០ និងចិន​តាំង​ពី​ឆ្នាំ១៩៩៦។ នៅពេលសួរអំពីរឿងនេះ លោកត្រាំ​បានរៀបរាប់​ថា «ពួកគេនឹងមិនប្រកាស​អំពី​វាទេ»។

លោក​បាន​បន្ថែម​​ថា «អ្នកមិនចាំបាច់ដឹងពីកន្លែងដែលពួកគេកំពុងធ្វើតេស្តនោះទេ។ ពួកគេធ្វើវានៅក្រោមដីយ៉ាងជ្រៅ ដែលមនុស្សមិនដឹងច្បាស់ថាមានអ្វីកើតឡើង។ អ្នកគ្រាន់តែមានអារម្មណ៍ថាមានការញ័រខ្លះប៉ុណ្ណោះ»។

ទាំងទីក្រុងប៉េកាំង និង ទីក្រុងមូស្គូ មិនបានឆ្លើយតបចំពោះការចោទប្រកាន់នេះទេ។

យ៉ាង​ណា​មិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ធ្លាប់​បាននិយាយកាលពី​ថ្ងៃទី​៣០​ខែតុលា​ថា ប្រទេសរុស្ស៊ីមិនបានធ្វើការបំផ្ទុះនុយក្លេអ៊ែរទេ ប៉ុន្តែបានព្រមាន​ថា ទីក្រុងមូស្គូនឹង«ធ្វើដូចគ្នា» ប្រសិនបើទីក្រុងវ៉ាស៊ីនតោន​បន្តការសាកល្បងឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiaxun បានអំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក«អនុវត្តតាមយ៉ាងតឹងរ៉ឹង» ជាមួយនឹងការហាមឃាត់ជាសកលលើការសាកល្បងនុយក្លេអ៊ែរ។

សន្ធិសញ្ញា​ហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ (CTBT) ដែលចុះហត្ថលេខាដោយសហរដ្ឋអាមេរិកក្នុង​ឆ្នាំ​១៩៩៦ ហាមប្រាមរាល់ការ​សាកល្បង​បំផ្ទុះ​នុយក្លេអ៊ែរ មិនថាសម្រាប់គោលបំណងយោធា ឬស៊ីវិលក៏ដោយ។
ឃ្លាំងស្តុកនុយក្លេអ៊ែររបស់អាមេរិកត្រូវបានគ្រប់គ្រងដោយ​នាយកដ្ឋានថាមពល (DOE) មិនមែនក្រសួងការពារជាតិទេ។ គិតត្រឹម​ខែកញ្ញាឆ្នាំ​២០២៣ DOE បានរាយការណ៍ថា សហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៣៧៤៨​គ្រាប់ ក្នុង​នោះ​មាន​គ្រាប់​សកម្ម​ចំនួន២១៧០​គ្រាប់៕

អាមេរិកបានបំផ្ទុះអាវុធនុយក្លេអ៊ែរនៅតំបន់ Eniwetok Atoll លើ​ប្រជុំ​កោះ Marshall ក្នុងឆ្នាំ១៩៥២ (រូបថត៖ រដ្ឋាភិបាល​អាមេរិក)

អត្ថបទដែលជាប់ទាក់ទង