ជនជាតិវៀតណាមប្រហែល ៧០ នាក់ បានរត់គេចខ្លួនចូលទៅក្នុងប្រទេសថៃ ក្រោយ មីយ៉ាន់ម៉ា បើកការបង្ក្រាបឧក្រិដ្ឋជនអនឡាញ

យោងតាមក្រសួងការបរទេសវៀតណាម ថ្ងៃទី ៦ខែវិច្ឆិកាបានធ្វើសេចក្ដីថ្លែងការមួយថា ជនជាតិវៀតណាមប្រហែល ៧០ នាក់ បានរត់គេចខ្លួនចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាននៅមីយ៉ាន់ម៉ា បានបើកការបង្ក្រាបបណ្តាញឧក្រិដ្ឋជន និងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានទូតវៀតណាមប្រចាំប្រទេសថៃ និងមីយ៉ាន់ម៉ាបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២២ ខែតុលា ពលរដ្ឋវៀតណាមប្រហែល ៧០ នាក់បានឆ្លងដែនពីមីយ៉ាន់ម៉ាចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីការឆ្មក់ចូលប្រឆាំងឧក្រិដ្ឋកម្មដែលកំណត់គោលដៅលើបរិវេណក្លែងក្លាយ។

តាមរបាយការណ៍ពីកាសែត Tuoi Tre (យុវជន) ការឆ្មក់ចូលទាំងនេះបានបង្កឲ្យមានរលកនៃការឆ្លងកាត់ព្រំដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ដែលអាជ្ញាធរក្នុងប្រទេសនេះបានឃុំខ្លួនជនជាតិវៀតណាមជាង ១០០ នាក់ រួមជាមួយអ្នកផ្សេងទៀតមកពីប្រទេសជាច្រើន។

លោកស្រីបានមានប្រសាសន៍ថា ក្រសួងការបរទេសបានណែនាំស្ថានទូត និងនាយកដ្ឋានពាក់ព័ន្ធឲ្យសហការជាមួយភ្នាក់ងារក្នុងស្រុក និងបរទេស ដើម្បីអនុវត្តនីតិវិធីកុងស៊ុល និងសម្រួលដល់ការវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពរបស់ពលរដ្ឋវៀតណាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ជាចុងក្រោយនេះ លោកស្រី Pham Thu Hang បានព្រមានពលរដ្ឋវៀតណាមម្តងទៀត ឲ្យប្រុងប្រយ័ត្នចំពោះការផ្តល់ជូនការងារតាមអ៊ីនធឺណិត ដែលសន្យាថានឹងមានការងារងាយស្រួល ប្រាក់ខែខ្ពស់ ហើយត្រូវផ្ទៀងផ្ទាត់ព័ត៌មានដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងការបោកប្រាស់ដោយបណ្តាញជួញដូរមនុស្ស និងបោកប្រាស់ផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង