ព្យុះបិសាច Fung-wong បានទៅដល់ដីគោកហ្វីលីពីនហើយ ជាមួយកម្លាំងខ្យល់១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង បូករួមជាមួយខ្យល់កន្ត្រាក់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង

ព្យុះបិសាច Fung-wong បានទៅដល់ដីគោកហ្វីលីពីនហើយ ជាមួយកម្លាំងខ្យល់១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង បូករួមជាមួយខ្យល់កន្ត្រាក់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈមនុស្សជាង ៩០០ ០០០នាក់ ត្រូវជម្លៀសទៅកាន់ទីសុវត្ថិភាព និងជើងហោះហើររាប់រយជើង បានផ្អាក។

តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទទី១០ខែវិច្ឆិកាឆ្នាំ២០២៥ មហាព្យុះទីហ្វុងនេះ បានវាយប្រហារខេត្ត Aurora ពេញទំហឹងនៅម៉ោង៩:១០នាទីយប់ថ្ងៃសៅរ៍ ដោយភ្លាមៗនោះវាបានបណ្តាលឲ្យមនុស្ស២នាក់ បាត់បង់ជីវិត។

ដោយសារឥទ្ធិពលដ៏កាចសាហាវរបស់ព្យុះនេះ ហ្វីលីពីនបានចេញការព្រមានរួចហើយអំពីហានិភ័យនៃគ្រោះថ្នាក់ដល់ជីវិត ហើយមានការព្យាករថា វានឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លា ឈានដល់បង្កើតជាទឹកជំនន់និងបំណាក់ដីធ្ងន់ធ្ងរនៅតាមតំបន់នានា ជាពិសេសតំបន់ភ្នំតែម្តង។

ព្យុះថ្មីនេះមកដល់ ស្របពេលហ្វីលីពីននៅមិនទាន់ធូរស្រាលផង ពីព្យុះ Kalmaegi ដែលវាយប្រហារកាលពីដើមសប្តាហ៍មុន បណ្តាលឲ្យមនុស្ស២២៤នាក់ស្លាប់ ជាពិសេសនៅខេត្ត Cebu។

យ៉ាងណា ទោះ Kalmaegi បានក្លាយជាព្យុះសាហាវបំផុតប្រចាំឆ្នាំរួចទៅហើយក៏ដោយ ប៉ុន្តែគេនៅចាំមើលថា តើព្យុះថ្មី Fung-Wong នឹងចូលខ្លួនក្លាយជាព្យុះខ្លាំងជាង Kalmaegi ហើយបង្កការបំផ្លាញបំផ្លាញធំធេងខ្លាំងកម្រិតណា ព្រោះបើតាមការសង្កេតឃើញ ព្យុះ Fung-Wong មានទំហំធំជាងប្រទេសហ្វីលីពីនទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង