មីយ៉ាន់ម៉ា បន្តវាយប្រហារចាស់ដៃ កម្ទេចអគារ Scammer ចំនួន១៤៨អគារនៅជាប់ព្រំដែនថៃ
យុទ្ធការកម្ចាត់ក្រុមឧក្រិដ្ឋជនតាមអនឡាញនៅមីយ៉ាន់ម៉ា កំពុងបន្តក្នុងកម្រិតខ្លាំងនិងទ្រង់ទ្រាយថែមទៀតផង ដោយកាលពីថ្ងៃអាទិត្យទី៩ខែវិច្ឆិកាឆ្នាំ២០២៥ កងទ័ពរបបយោធា បានកម្ទេចអគារ Scammer ចំនួន១៤៨អគារ ហើយការវាយប្រហារនោះ ធ្វើឲ្យរង្គើដល់ដីថៃឯណោះ។
តាមការផ្សាយរបស់ The Star, កងទ័ពមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងចូលតំបន់សេដ្ឋកិច្ចពិសេស KK Park ក្នុងស្រុក Myawaddy នៃរដ្ឋ Karen ដែលស្ថិតនៅជាប់ Mae Ku, ស្រុក Mae Sot, ខេត្ត Tak ប្រទេសថៃ។
យុទ្ធនាការលើកនេះ ធំជាងរាល់ដង ព្រោះកងទ័ពបានបង្កើនការវាយប្រហារកម្ទេចអគារជាច្រើនរួមទាំងកន្លែងហាត់ប្រាណ មន្ទីរពេទ្យ ស្ប៉ា និងខារ៉ាអូខេផងដែរ ដែលជឿថា ក្រុម Scammer ប្រើប្រាស់ជាជម្រកធ្វើប្រតិបត្តិការខុសច្បាប់។
តាមពិតទៅ យោធាមីយ៉ាន់ម៉ា ចាប់ផ្តើមការវាយឆ្មក់នៅ KK Park តាំងពីដើមខែតុលាមកម្ល៉េះ ដោយកាន់កាប់បានអគារជាង២០០អគារ និងឃាត់ខ្លួនមនុស្សជាង ២ ០០០នាក់ ប៉ុន្តែទើបមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ដែលយោធាបានបង្កើនការវាយប្រហារយ៉ាងចាស់ដៃបំផុត បង្ខំឲ្យជនបរទេសរាប់ពាន់នាក់ រត់សម្រុកចូលដីថៃ។
ក្នុងអំឡុងពេលនៃការឆ្មក់ទ្រង់ទ្រាយធំមួយ ទាហានបានរឹបអូសឧបករណ៍ជាច្រើន រួមទាំងដុំផ្កាយរណប Starlink ចំនួន៣០គ្រឿងផងដែរ ដែលឧបករណ៍ទាំងនេះ ត្រូវបានក្រុមឆបោក ប្រើប្រាស់សម្រាប់ប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ពួកគេ៕
