ក្រសួងការងារនឹងបើកពិព័រណ៍ការងាររាប់ម៉ឺនកន្លែងសម្រាប់អតីតពលករមកពីថៃនៅខេត្តបន្ទាយមានជ័យ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែងសម្រាប់អតីតពលករដែលត្រឡប់មកពីថៃ យុវជន និងអ្នកស្វែងរកការងារ នៅខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃនាចុងសប្តាហ៍នេះនៅថ្ងៃទី២២ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រយៈពេល២ថ្ងៃនៃពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបន្ទាយមានជ័យ អ្នកចូលរួមអាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗដោយផ្ទាល់នៅទីតាំងចំនួន២គឺ៖ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សារចំការតាដោក ស្រុកមង្គលបូរី និងនៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។

ប្រភពដដែលបានឱ្យដឹងទៀតថា ពលករដែលត្រឡប់មកពីថៃ យុវជន និងអ្នកស្វែងរកការងារធ្វើនៅខេត្តបន្ទាយមានជ័យ ដែលទៅចូលរួម ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធីដោយឥតគិតថ្លៃ អាវយឺតដ៏ស្រស់ស្អាត អាហារ ភេសជ្ជៈ កាហ្វេ និងទទួលបានការកាត់សក់ពីជាងជំនាញដោយឥតគិតថ្លៃផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ប្រព័ន្ធទូរសព្ទ Hotline លេខ ១២៩៧៕

អត្ថបទដែលជាប់ទាក់ទង