សមាគមកាហ្វេ-កាកាវវៀតណាម (Vicofa) បានបង្ហាញទំនុកចិត្តថា ប្រាក់ចំណូលពីការនាំចេញកាហ្វេរបស់់ប្រទេស អាចកើន​លើសពី ៨ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ ២០២៥ ដែលលឿនជាងគោលដៅដើមឆ្នាំ ២០៣០

សមាគមកាហ្វេ-កាកាវវៀតណាម (Vicofa) បានបង្ហាញទំនុកចិត្តថា ប្រាក់ចំណូលពីការនាំចេញកាហ្វេរបស់់ប្រទេស អាចកើន​លើសពី ៨ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ ២០២៥ ដែលលឿនជាងគោលដៅដើមឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការព្យាករណ៍នេះគឺផ្អែកលើកត្តាសំខាន់ៗចំនួន៣៖ ការកែលម្អគុណភាពផលិតផល ​កំណើននៃសមាមាត្រ​​នៃផលិតផលកែច្នៃយ៉ាងស៊ីជម្រៅ និងការពង្រីកទីផ្សារដោយផ្អែកលើការធ្វើផែនការយុទ្ធសាស្ត្ររយៈពេលវែង។

ក្រសួងកសិកម្ម និងបរិស្ថានបានរាយការណ៍ថា ​ចន្លោះពីខែមករា ដល់ខែតុលា វៀតណាមបានលក់កាហ្វេចំនួន ១,៣ លាន​តោន ​ទៅក្រៅប្រទេសក្នុងតម្លៃ ៧,៤១ ប៊ីលាន​ដុល្លារ ​ដោយ​កើនឡើង ៦១,៨% ដែលនេះជាកំណើនតម្លៃប្រចាំឆ្នាំខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ ​

តម្លៃនាំចេញជាមធ្យមវិញ បាន​កើនដល់ ៥ ៦៥៣ ដុល្លារ/តោន ដោយ​កើនឡើង ៤២,៥% ធៀបនឹង​រយៈពេលដូចគ្នាឆ្នាំមុន។​

Vicofa បានកត់សម្គាល់ថា មុនឆ្នាំ ២០២០ តម្លៃកាហ្វេបាន​ចុះទាបខ្លាំង ដែលធ្វើឱ្យ​កសិករកាត់បន្ថយដីដាំ​កាហ្វេរបស់ពួកគេ ដែលបណ្ដាលឱ្យការផ្គត់ផ្គង់ធ្លាក់ចុះ។ ​

ក្នុងពេលជាមួយគ្នានេះ ​ក្រុមហ៊ុនកាហ្វេ​វៀតណាម​បានបង្កើនការវិនិយោគលើខ្សែច្រវ៉ាក់ផលិតកម្ម​​ប្រកបដោយចីរភាព ដើម្បីកែលម្អគុណភាពស្របតាមស្តង់ដារអន្តរជាតិ។ ​ស្របពេលដែល​ការផ្គត់ផ្គង់​សកល​​ថយចុះ ​ហើយ​តម្រូវការបន្តកើនឡើង តម្លៃកាហ្វេបាន​ហក់ឡើងកប់ពពក ដែលជំរុញឱ្យប្រាក់ចំណូលពីការនាំចេញរបស់​វៀតណាម​ ឈានដល់កម្រិតកំណត់ត្រា​។

អត្ថបទដែលជាប់ទាក់ទង