ក្រុមហ៊ុនរដ្ឋចិនមួយ ត្រូវការដំឡូងមីក្រៀមប្រមាណ ១ លានតោនក្នុងមួយឆ្នាំ ដើម្បីនាំចេញទៅទីផ្សារចិន
ក្រុមហ៊ុនរដ្ឋចិនមួយ ត្រូវការដំឡូងមីក្រៀមប្រមាណ ១ លានតោនក្នុងមួយឆ្នាំ ដើម្បីនាំចេញទៅទីផ្សារចិន ដោយត្រៀមបោះទីតាំងនៅ ខេត្តកំពង់ធំ។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា លោកបានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរដ្ឋចិនដែលមានឃ្លាំងស្ដុកធំមួយនៅខេត្តព្រះសីហនុ ដើម្បីដឹកទៅចិន។
កន្លងមក ក្រុមហ៊ុនទិញបានដំឡូងមី អត់ត្រូវស្ដង់ដា អាចធ្វើអេតាណុលបាន ធ្វើចំណីសត្វតិចតួចបាន ប៉ុន្តែ មិនអាចបម្រើក្នុងវិស័យម្ហូបអាហារ ដូច្នេះហើយបានជាក្រុមហ៊ុនត្រូវការសហការ ដើម្បីធ្វើដំឡូងមីស្អាត ដើម្បីបម្រើក្នុងវិស័យម្ហូបអាហារនៅចិន។
លោក ស៊ុយ កុកធាន បានពិភាក្សាជាមួយតំណាងក្រុមហ៊ុន ដោយសម្រេចយកខេត្តកំពង់ធំ ធ្វើជាទីតាំងកណ្ដាលដើម្បីប្រមូលទិញដំឡូងមី ហើយហាលសម្ងួត ដើម្បីនាំចេញទៅចិនតាមច្រកខេត្តព្រះសីហនុ។ លោកថា ក្រុមហ៊ុន CSNC មានទីតាំងធំ រហូតដល់ទំហំដី ៦០ ហិកតា និងមានឃ្លាំងដាក់បានច្រើន។ បច្ចុប្បន្ន តំណាងក្រុមហ៊ុន និងសមាគម កំពុងពិភាក្សាទៅលើតម្លៃដឹកជញ្ជូន។
យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជាទទួលបានប្រាក់ចំណូលប្រមាណ ៥៤៤ លានដុល្លារ ពីការនាំចេញដំឡូងមី នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ១១,៣១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិតផលដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។
លោកបានបញ្ជាក់ថា៖ «នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ការនាំចេញដំឡូងមីក្រៀមកើនឡើង ៦០,៩១% និងម្សៅដំឡូងមីកើនឡើង ៨២,៥៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤»។
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា តម្លៃទីផ្សារដំឡូងមីនៅតែជាបញ្ហាចោទសម្រាប់កសិករ នៅក្នុងឆ្នាំ ២០២៥ តម្លៃដំឡូងមីស្រស់ធ្លាក់ចុះរហូតដែលមានតម្លៃ ១៥០ រៀលក្នុងមួយគីឡូក្រាម នៅខេត្តឧត្តរមានជ័យ ខណៈខេត្តស្ទឹងត្រែង និងខេត្តមួយចំនួនអាចលក់បាន ២៥០ រៀល ក្នុងមួយគីឡូក្រាម ចំណែកឯណៈដំឡូងមីស្ងួតអាចលក់បាន ៥២០ រៀល ដល់ ៧០០ រៀល ក្នុងមួយគីឡូក្រាម។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន មិនទាន់ដល់រដូវប្រមូលផលដំឡូងមីច្រើននៅឡើយ ដោយកសិករចាប់ផ្ដើមសម្រុកប្រមូលផលខ្លាំងចាប់ពីខែមករា ឆ្នាំ ២០២៦។
នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០), ចំណិតដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និងម្សៅដំឡូងមីចំនួន ៦០ ៥២៤ តោន គិតជាទឹកប្រាក់ប្រមាណ ៧២៨ លានដុល្លារ៕
