កម្ទេចកម្ទីទឹកជំនន់ជាង៣០០តោនត្រូវបានសម្អាតចេញពីទីក្រុងហាតយ៉ៃ ក្នុងថ្ងៃដំបូងនៃប្រតិបត្តិការ«សម្អាតទ្រង់ទ្រាយធំ» ដែលដឹកនាំដោយរដ្ឋាភិបាល
កម្ទេចកម្ទីទឹកជំនន់ជាង៣០០តោនត្រូវបានសម្អាតចេញពីទីក្រុងហាតយ៉ៃ ក្នុងថ្ងៃដំបូងនៃប្រតិបត្តិការ«សម្អាតទ្រង់ទ្រាយធំ» ដែលដឹកនាំដោយរដ្ឋាភិបាល ខណៈដែលប្រទេសថៃកំពុងប្រញាប់ប្រញាល់ស្តារទីក្រុងឡើងវិញបន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយ។
យោងតាម Thairath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីបរិស្ថាន លោក Suchart Chomklin បានរាយការណ៍ពីវឌ្ឍនភាពក្រោមយុទ្ធនាការនេះ ដែលបានកៀរគរភ្នាក់ងារទាំងអស់ក្រោមក្រសួងដើម្បីពន្លឿនការស្តារឡើងវិញនៅក្នុងខេត្តសុងក្លា។
អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល អ្នកស្រី Lalida Periswiwatana បាននិយាយថា កម្មករបានដកយកសំរាម ភក់ និងសម្ភារៈដែលខូចខាតចេញពីតំបន់សាធារណៈសំខាន់ៗ ដែលគ្របដណ្តប់លើផ្ទៃដីជិត២៩០០០ម៉ែត្រការ៉េ។
បុគ្គលិកជាង៧៨០នាក់ រថយន្ត៨៨គ្រឿង និងបរិក្ខារជាង៤០០០មុខ ត្រូវបានដាក់ពង្រាយពីនាយកដ្ឋាននានា ដូចជា ឧទ្យានជាតិ ព្រៃឈើ ធនធានសមុទ្រ និងការគ្រប់គ្រងការបំពុល។ អ្នកស្រីបាននិយាយថា ក្រុមការងារបានធ្វើការតាំងពីព្រឹករហូតដល់យប់។
អាជ្ញាធរក៏បានចែកចាយអាហារចម្អិនរួច៥៥០០ពេល ដល់ប្រជាជនដែលរងផលប៉ះពាល់ផងដែរ។
រដ្ឋាភិបាលបានសន្យាថានឹងបន្តប្រតិបត្តិការនេះ រហូតដល់ទីក្រុងហាតយ៉ៃមានសុវត្ថិភាពពេញលេញ ហើយប្រជាជនអាចត្រឡប់ទៅរកជីវភាពធម្មតាវិញ៕
