ជនសង្ស័យចំនួន ៤៧ នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ជនសង្ស័យចំនួន ៤៧ នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងចំណោមនោះឃាត់ខ្លួននៅរាជធានីភ្នំពេញ ២៨ នាក់ និងនៅខេត្តសៀមរាបចំនួន ១៩ នាក់ ខណៈសមត្ថកិច្ចកំពុងវែកមុខអ្នកពាក់ព័ន្ធ និងមេខ្លោង។
ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះលេខ២N បុរីPark villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាង់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងចំណោមជនសង្ស័យទាំង២៨នាក់ មានជនជាតិវៀតណាមចំនួន២៧នាក់ ( ស្រ្តី០៦នាក់) និងបុរសជនជាតិខ្មែរចំនួន០១នាក់។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន monitor ចំនួន ៣៩គ្រឿង, CPU ចំនួន ១១គ្រឿង, ទូរសព្ទចំនួន១០០គ្រឿង និងស៊ីមកាតមួយចំនួនទៀត ហើយ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។
ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បែបលោងលោមស្នេហានិងកំហែងទារប្រាក់ រហូតបានឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្ត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។
ចំណែក ជនសង្ស័យចំនួន១៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាបក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បន្ទាប់ពីក្រុមនេះ ទើបតែមកស្នាក់នៅក្នុងខេត្តសៀមរាបបានរយ:ពេលប្រហែល០២សប្តាហ៍ ត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុនដោយមានគោលដៅទៅប្រទេសផ្សេងៗ។
ក្នុងចំណោមជនសង្ស័យទាំង១៩នាក់ មានជនជាតិបង់ក្លាដែស ចំនួន១៦នាក់ និងនេប៉ាល់ចំនួន០៣នាក់ ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូរចំនួន៨គ្រឿង (កុំព្យូទ័រលើតុ៧គ្រឿង-កុំព្យូទ័រយួរដៃ១គ្រឿង) និងទូរសព្ទដៃ ចំនួន៣៥គ្រឿង។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕
