ខេត្តបាត់ដំបង ឡាននិងម៉ូតូបុ.កគ្នាពេញទំហឹងចំកណ្ដាលទ្រូងផ្លូវ អ្នកជិះម៉ូតូស្លា.ប់ ភាគីម្ខាងរត់ចោលឡាន
ខេត្តបាត់ដំបង ៖ ឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងអ្នកជិះម៉ូតូនិងរថយន្តបានបុកគ្នាពេញទំហឹងចំកណ្ដាលទ្រូងផ្លូវលេខ៥៧B កាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី០២ វិច្ឆិកា ស្ថិតក្នុងភូមិបវេល១ ឃុំបវេល ស្រុកបវេល បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ម្នាក់ ខណៈអ្នកបើករថយន្តដាក់មេប្រូចចោលរថយន្តភ្លាមៗ ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ មាន វិត ភេទប្រុសអាយុ៥៧ឆ្នាំ នៅភូមិបវេល២ ឃុំបវេល ស្រុកបវេល ជិះម៉ូតូពីទិសខាងកើតឆ្ពោះទៅខាងលិច ហើយរថយន្តម៉ាក ISUZU មួយបាំងកន្លះ ពណ៌ខ្មៅ ចង្កូតស្ដាំ ពាក់ស្លាកលេខ BMC-0166 ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅខាងកើត(ធ្វើដំណើរផ្ទុយគ្នា) ។
លុះដល់ចំណុចកើតហេតុ ភាគីទាំង០២បានបុកគ្នាពេញទុះហឹងចំកណ្ដាលទ្រូងផ្លូវ ធ្វើឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើករថយន្ត បានបើកទ្វារចុះរត់បាត់បន្សល់ទុកតែរថយន្ត ។ លោកសុខ សារិន អធិការស្រុកបវេលបានប្រាប់ថា បើតាមមន្ត្រីជំនាញចុះពិនិត្យស្លាកស្នាមនៅទីតាំងកើតហេតុ និងយោងតាមការបំភ្លឺបឋមពីសាក្សីនានាផង អ្នកជិះម៉ូតូនិងអុ្នកបើករថយន្ត ហាក់មិនគោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរ។ ពួកគេបើកបរក្នុងល្បឿនលឿនដូចគ្នា ហើយមិនប្រកាន់ឆ្វេងស្ដាំ ពេលបើកបរទើបបុកគ្នាចំកណ្ដាលទ្រូងផ្លូវតែម្ដង។
លោកអធិការបានបញ្ជាក់ថា ក្រោយកើតហេតុ អ្នកបើករថយន្តបានរត់គេចចោលរថយន្ត ប៉ុន្តែមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ ស្គាល់អត្តសញ្ញាណអុ្នកបើកបររថយន្តនោះហើយ តែជននោះមិនទាន់ចូលខ្លួនដោះស្រាយ ។ ពេលនេះ យើងបានប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោកដោះស្រាយហើយ ៕


