សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើអត្តពលិកត្រៀមចូលរួមស៊ីហ្គេម នៅថៃ ចូលរួមប្រកួតជាធម្មតា

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំផ្ញើដល់អត្តពលិកកម្ពុជា ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ចូលរួមការប្រកួតជាធម្មតា ខណៈមានពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកងកម្លាំងកម្ពុជាយ៉ាងណាក្ដី។

សារផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន ស្របពេលប្រតិភូ និងកីឡាករ-កីឡាការិនី តាមប្រភេទកីឡាមួយចំនួន បានធ្វើដំណើរទៅប្រទេសថៃជាបណ្ដើរៗ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ជាក់ស្ដែងនៅថ្ងៃទី៨ ខែធ្នូនេះ មានកីឡា ៥ប្រភេទ ដែលត្រូវចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់ ២ឆ្នាំម្ដងខាងលើ រួមមានកីឡាតេក្វាន់ដូ WT, ហែលទឹក, ជឺជីតស៊ូ, បាល់ទាត់លើតុ និងកីឡាកាយសម្ព័ន្ធ។

សម្ដេចតេជោ បានមានប្រសាសន៍ថា «កម្លាំងជួរមុខទាំងអស់ ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញ និងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ាន ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយ ដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្តិភាព។ ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិនិង អន្តរជាតិដែលមិនអាចជួបខ្ញុំបាន»

ចំពោះបេសកកម្មចូលរួមការប្រកួតកីឡាស៊ីហ្គេម ដែលជាព្រឹត្តិការណ៍ប្រចាំតំបន់វិញ សម្ដេចបានផ្ដាំផ្ញើយ៉ាងដូច្នេះថា «សូមកីឡាករ-កីឡាការិនី ដែលទៅចូលការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ចូលរួមការប្រកួតជាធម្មតា»

គួរដឹងថា ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ១៣៧នាក់ លើ ១២ប្រភេទកីឡា ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី១៣ ក្នុងនោះមានកីឡាអត្តពលកម្ម, ហែលទឹក, តេក្វាន់ដូ WT, ជឺជីតស៊ូ, បាល់ទាត់លើតុ, កាយសម្ព័ន្ធ, ជិះសេះ, គុនដាវ, ឃីកបុកស៊ីង, ម៉ូតូទឹក, ទ្រីយ៉ាត្លុង និងកីឡាអេឡិចត្រូនិក៕

អត្ថបទដែលជាប់ទាក់ទង