រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួងលោកតាឥ លោកតាក្រហម ក លោកតាភ្នំសន្ទុក លោកតា អាចារ្យលាក់ ដាវដែកកំពង់ស្វាយ ជួយថែរក្សាដល់វីរកងទ័ព ឱ្យឈ្នះអស់មារសត្រូវឈ្លានពាន

(កំពង់ធំ)៖ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អមដំណើរដោយប្រធានសាលាដំបូងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំពិធីបួងសួងចម្រើនសិរីសួស្តី និងជួយដល់កងទ័ពសមរភូមិមុខ នៅទីតាំងលោកតាឥ លោកតាក្រហមក ភ្នំសន្ទុក លោកតាអាចារ្យលាក់ ដាវដែកកំពង់ស្វាយ និងនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ជួយថែរក្សាដល់វីរកងទ័ព ឱ្យឈ្នះអស់មារសត្រូវឈ្លានពាន។

នាឱកាសនោះលោក នួន ផារ័ត្ន បានឧទ្ទិសបួងសួង និងសូមជូនពរបងប្អូនវីរកងទ័ព និងសូមបងប្អូនវីរកងទ័ពយើងតស៊ូ ដើម្បីចូលរួមចំណែកជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ ពេលនេះបារមីលោកតាតេជោមាស លោកតាមហាឧបរាជ (លោកតាក្រហមក) តេជោយត លោកតាអាចារ្យលាក់ បារមីដាវដែកកំពង់ស្វាយ បារមីរបស់ព្រះមហាក្សត្រជាច្រើនជំនាន់ឃុំគ្រងប្រាសាទសំបូរព្រៃគុក ជួយថែរក្សា និងជួយបងប្អូនវីរកងទ័ពយើង ឱ្យឈ្នះអស់មារសត្រូវឈ្លានពាន និងទទួលបានជ័យជម្នះនៅគ្រប់សមរភូមិ។

លោក នួន ផារ័ត្ន អភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមឧបត្ថម្ភជាសម្ភារៈ ស្បៀង និងថវិកា ដើម្បីជួយដល់វីរៈកងទ័ពជួរមុខដែលកំពុង ទប់ទល់ជាមួយនឹងសត្រូវឈ្លានពានសៀម ដែលបានវាយប្រហារមកលើកកម្ពុជាមុន។ សូមបញ្ជាក់ផងដែរថា សម្រាប់រដ្ឋបាលខេត្តកំពង់ធំដែលត្រូវទទួលសម្ភារៈ ស្បៀង និងថវិកាមាន២ទីតាំងទីតាំងទី១នៅគល់ស្ពានកំពង់ធំ និងទីតាំងទី២នៅសាលាខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង