យន្ត​ហោះ​ចម្បាំងណាតូ ទទួល​បានសិទ្ធិ​បាញ់​ទម្លាក់មីស៊ីល​រុស្ស៊ី​ លើទឹក​ដីប៉ូឡូញ ខណៈវ៉ាសូវី​ ជំរុញឱ្យមាន​ការពង្រាយ​​ទ័ពអាមេរិក​

ប្រទេសប៉ូឡូញ​បាន​ប្រកាស​កាល​ពី​​​ថ្ងៃអង្គារ​ ទី​​២៤ ខែ​វិច្ឆិកា ថា វ៉ាសូវី​ ​នៅ​តែ​​បន្ត​ជំរុញ​ឱ្យ​មាន​​​វត្តមានយោធា​អាមេរិក​ជាអចិន្ត្រៃយ៍​នៅ​លើ​ទឹក​ដី​ខ្លួន​ បន្ទាប់​ពីការឈ្លានពាន​ដែនអាកាស​របស់​រុស្ស៊ីពីរដង​ក្នុង​រយៈពេល​បួនថ្ងៃ រួមទាំង​ការឈ្លានពាន​មួយ​ ដោយ​​យន្តហោះចម្បាំង​ស៊ុយអែតមួយគ្រឿង​ ក្រោមការបញ្ជា​របស់ណាតូ ត្រូវបាន​អនុញ្ញាតឱ្យ​បាញ់ទម្លាក់​មីស៊ីលបញ្ជារបស់រុស្ស៊ី។ នេះបើតាម​សារព័ត៌មាន​ Fox News ។

យន្តហោះ​ចម្បាំង​ណាតូ

ការ​ឈ្លានពានចុងក្រោយ​បំផុត​ បានកើតឡើង​នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ពេល​ដ្រូន​របស់រុស្ស៊ី​មួយគ្រឿង​ បាន​ហោះ​ចូល​ទៅក្នុងដែនអាកាស​ប៉ូឡូញ​រយៈខ្លី​ អំឡុង​ពេលវាយប្រហារ​លើអ៊ុយក្រែន បួនថ្ងៃ​បន្ទាប់​ពី​ មីស៊ីលបញ្ជា​របស់រុស្ស៊ី Kh-101 ចំនួនបី​គ្រាប់​បានឆ្លងកាត់​ចូលទៅក្នុង​ប្រទេស​ប៉ូឡូញ។ ហេតុការណ៍​នេះ ជំរុញឱ្យណាតូ​ប្រញាប់ប្រញាល់​បញ្ចូន​យន្តហោះចម្បាំង និងពង្រឹងការការពារ​ដែនអាកាស​ តាមបណ្តោយផ្នែកខាងកើតរបស់​ខ្លួន។

លោក Bogdan Klich មន្រ្តី​ទូត​ប៉ូឡូញ​ប្រចាំទីក្រុងវ៉ាស៊ីនតោន លើក​ឡើង​​កាល​ពី​ថ្ងៃអង្គារ​ ថា ខ្លួន​បានធ្វើសេចក្តី​រាយការណ៍​ដល់ក្រុមប្រឹក្សា​សន្តិសុខ​ជាតិសេតវិមាន​អំពីការរំលោភ​ទាំងនេះ និងបន្តការអំពាវនាវ​របស់​ទីក្រុងវ៉ាសូវី​ឱ្យដាក់កងទ័ពអាមេរិក​ជាអចិន្ត្រៃយ៍​ នៅក្នុងប្រទេសសមាជិក​ណាតូ។

លោក Klich ​បង្ហោះ​លើ​បណ្តាញសង្គម X ​៖ «កាល​ពីម្សិលមិញ ខ្ញុំ​បាន​រាយការណ៍​ ជូន​ក្រុមប្រឹក្សាសន្តិសុខជាតិ​សហរដ្ឋអាមេរិក អំពីការ​រំលោភដែន​អាកាសប៉ូឡូញ​ដោយមីស៊ីល Kh-101 របស់​រុស្ស៊ី ហើយ​បានពិភាក្សា​ម្តងទៀត​ អំពី​បញ្ហានៃការដាក់ពង្រាយកង​ទ័ពអាមេរិកជាអចិន្ត្រៃយ៍​ ក្នុងប្រទេសប៉ូឡូញ»។

ការ​ជំរុញផ្នែក​ការទូតជា​ថ្មីនេះ​ កើតឡើង​ បន្ទាប់ពីឧប្បត្តិហេតុ​​ ពាក់ព័ន្ធនឹង​ទ្រព្យសម្បត្តិ​យោធា​របស់រុស្ស៊ី និងការព្រួយ​បារម្ភកាន់តែខ្លាំងឡើង​ថា​ សង្គ្រាមរបស់ទីក្រុងមូស្គូ​ នៅអ៊ុយក្រែននឹងរីករាលដាលដល់ទឹកដីណាតូ​។

ការ​ឈ្លានពាន​ នៅថ្ងៃទី២០ ខែវិច្ឆិកា ពាក់ព័ន្ធ​នឹងអ្នកបើកយន្តហោះចម្បាំង JAS 39 Gripen របស់​ស៊ុយអែត​ កំពុង​ប្រតិបត្តិការក្រោម​បញ្ជា​របស់ណាតូ ត្រូវបានអនុញ្ញាត​ឱ្យបាញ់​មីស៊ីល Kh-101 របស់រុស្ស៊ី។ នេះបើយោង​តាម Ireneusz Nowak មេបញ្ជាការ​នៃបញ្ជាការ​ប្រតិបត្តិការ​កងកម្លាំងប្រដាប់​អាវុធប៉ូឡូញ។

លោក Nowak បាន​ឱ្យដឹងថា មជ្ឈមណ្ឌលប្រតិបត្តិការ​ដែនអាកាសរួម​របស់អង្គការណាតូ នៅទីក្រុង Uedem ប្រទេស​អាល្លឺម៉ង់ បានចេញ​ការអនុញ្ញាតដែល​មានលក្ខខណ្ឌ​ឱ្យធ្វើការ​បាញ់ប្រហារ ប៉ុន្តែអ្នកបើក​យន្តហោះ​ មិនអាចកំណត់​អត្តសញ្ញាណ​វត្ថុនោះ​បានច្បាស់​ឡើយ ទាំង​តាមរយៈ​ការមើលដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធអុប​ទិក-អេឡិច​ត្រូនិក​ នៅលើយន្តហោះ ដោយសារតែអាកាសធាតុ​អាក្រក់ខ្លាំង​ ហើយ​គ្មានការបាញ់​អាវុធណាមួយ​ ត្រូវបានធ្វើឡើងនោះ​ទេ៕

អត្ថបទដែលជាប់ទាក់ទង