កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួង​ការពារជាតិកម្ពុជា និងឧត្តមនាវីទោ លីវ ស៊ូមីន (Liu Sumin) មេបញ្ជា​ការ​មូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន។ ពិធីបើកជាផ្លូវការ​នៃ​ការធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០២៦» ត្រូវបានធ្វើឡើងនៅមូលដ្ឋានសមុទ្ររាម ដែល​ជា​បញ្ជាការដ្ឋានកងទ័ព​សមុទ្ររបស់កម្ពុជា ទទួលបានការជួយធ្វើទំនើបកម្មពីសំណាក់​ចិន។

សមយុទ្ធ «នាគមាសឆ្នាំ២០២៦» ជាសមយុទ្ធលើកទី៨ហើយរវាងកងទ័ពកម្ពុជា និងចិន ។ សមយុទ្ធនេះ មានរយៈពេល១៥ថ្ងៃ ចាប់ពី​ថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០​២៦។ ការធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើ​អា​កាស ហើយមានទ្រង់ទ្រាយធំជាងសមយុទ្ធ៧លើក​កន្លង​ទៅ ទាំងកម្លាំងយោធានៃ​ប្រទេស​​​ទាំងពីរ ក៏ដូចជាការប្រើយោទ្ធោបករណ៍។ កម្លាំងយោធា ដែលចូលរួមធ្វើសម​យុទ្ធ​មានចំនួនប្រមាណ២ពាន់នាក់ ក្នុងនោះកម្ពុជា មានជាង ១ពាន់នាក់ ខាងចិន មានជាង ៨០០នាក់។ ដោយឡែកយោទ្ធោបករណ៍វិញ មាននាវាចម្បាំង យន្តហោះ ដ្រូន រថក្រោះប្រយុទ្ធធុនធ្ងន់ រថពាសដែក និងរថយន្តយោធាជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អនុលោមតាមកិច្ចសហប្រតិបត្តិការ​យោ​ធា​រវាងក្រសួង​ការពារ​ជាតិ​កម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរ​នឹង​រៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរ​សមុទ្រ​រួមគ្នា និងការងារមនុស្សធម៌»។

សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់​ទំនងដៃ​គូ​យុទ្ធសាស្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ការផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាពកម្រិត​ជំនាញ និងការពង្រឹង​ចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ សមយុទ្ធ​នេះ ក៏ផ្ដោតសំខាន់លើការ​ប្រឆាំង​ភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការបានឲ្យដឹងទៀតថា ទីកន្លែង ដែល​នឹង​ត្រូវធ្វើសម​យុទ្ធ​នេះ ទី១៖ សមយុទ្ធលើគោក និងអាកាស នៅវិទ្យាស្ថាននាយទាហាន​ចម្រុះ និងសាលា​ហ្វឹកហ្វឺនតេជោ​សែន​ជុំគិរី, ទី២៖ សមយុទ្ធលើសមុទ្រ និងអាកាសនៅ​មូលដ្ឋានសមុទ្ររាម មូលដា្ឋន​ទ័ពអាកាស​កង​កេង និងតំបន់សមុទ្រ ខេត្តព្រះសីហនុ។

ក្នុងអំឡុងពេលសមយុទ្ធនេះ នឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យា ដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏​មានសកម្មភាពការងារ​សង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់​សមយុទ្ធ​ជាដើម។

ដើម្បីឱ្យកិច្ចដំណើរការសមយុទ្ធ​ខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវ​សុវត្ថិ​ភាព​​ខ្ពស់​អគ្គ​បញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋ​រស់​នៅ​ក្បែតំបន់សមយុទ្ធ កុំមានការភិតភ័យចំពោះសកម្មភាពចល័តទ័ព ឬការប្រើប្រាស់​គ្រាប់​ពិត ក្នុងអំឡុងពេលហ្វឹកហ្វឺន​នេះ។

សមយុទ្ធនាគមាសដែលធ្វើឡើងជារៀងរាល់ឆ្នាំ និងត្រូវបានពង្រីកកាន់តែធំពីមួយឆ្នាំទៅ​មួយឆ្នាំនេះ គឺមានសារៈសំខាន់ទាំងផ្នែកយោធា និងនយោបាយ។ សម្រាប់វិស័យយោធា សមយុទ្ធនេះ នឹងជួយពង្រឹងបន្ថែមទៀតដល់សមត្ថភាពយោធាកម្ពុជា តាមរយៈការទទួល​បានចំណេះដឹងថ្មីៗពីកងទ័ពចិន ដូចជាការប្រើប្រាស់អាវុធទំនើបៗ យុទ្ធសាស្ត្រប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ការជួយសង្គ្រោះមនុស្សធម៌ បង្កើនសមត្ថភាពប្រតិបត្តិការរួម​ជាមួយកង​ទ័ពអន្តរជាតិ។

មិនតែប៉ុណ្ណោះ សមយុទ្ធនាគមាសនេះ ក៏ជាការពង្រឹងសម្ព័ន្ធភាពយោធាកម្ពុជា-ចិន និង​បានសបញ្ជាក់ឱ្យឃើញថា ទំនាក់ទំនងយោធារវាងប្រទេសកម្ពុជា និងប្រទេសចិន កាន់​តែមានភាពស្និទ្ធស្នាលខ្លាំងឡើងៗ។ ចំពោះបញ្ហានយោបាយវិញ គឺបង្ហាញពីទំនាក់​ទំនង​ទ្វេភាគីដ៏ផ្អែមល្ហែមរវាងប្រទេសកម្ពុជា និងចិន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ​ដែក​ថែប និងត្បូងពេជ្រនៃប្រទេសទាំងពីរ។ សមយុទ្ធនេះ ក៏បង្ហាញពីការយកចិត្តដាក់​ខ្ពស់​​របស់​ប្រទេសចិនចំពោះប្រទេសកម្ពុជា។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ធ្លាប់បានគូសបញ្ជាក់ឱ្យដឹងថា សមយុទ្ធនាគមាសរវាង​កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន គឺជាការឆ្លុះបញ្ចាំងអំពីផ្លែផ្កានៃមិត្តភាពជា​ប្រពៃណី​រវាងកម្ពុជា និងចិន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេសក្នុងដំណើរ​ទស្ស​ន​កិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិនកាលពីខែមេសា ឆ្នាំ២០២៥ កន្លង​ទៅ បានជំរុញកាន់តែខ្លាំងក្លានូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិននេះ ក៏ដូចជាសមយុទ្ធកន្លងមក គឺធ្វើ​ឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ហើយមិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។

សូមបញ្ជាក់ថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិននេះ បានចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ​២០១៦មកម្ល៉េះ ពោល គឺមានចំនួន ៧លើករួចមកហើយ។ នៅឆ្នាំ២០១៧ សមយុទ្ធនេះ ត្រូវបានផ្អាកដោយហេតុផល​ជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ សមយុទ្ធនាគមាសក៏ត្រូវបានផ្អាកជាថ្មីម្តងទៀត ដោយសារតែប្រទេសទាំងពីរ​ប្រឈម​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

តាមរយៈសមយុទ្ធដែលបានធ្វើកន្លងមកនេះ កងទ័ពប្រទេសទាំងពីរបានផ្លាស់​ប្តូរបទ​ពិសោធន៍​ជាក់ស្តែងលើកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្ម ការងារសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយ ការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ យុទ្ធវិធីទប់ទល់ដោយដ្រូន (Drone) ព្រមទាំងការពង្រីក​សមត្ថភាព​ប្រតិបត្តិការរួមគ្នាយ៉ាងទូលំទូលាយទាំងលើគោក ដែនអាកាស និងលើកងទ័ពជើងទឹក (លម្ហសមុទ្រ) ក្នុងការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ។

សមយុទ្ធក៏បានលើកកម្ពស់ចំណងមិត្តភាព បង្កើនទំនុកចិត្ត និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ ព្រមទាំងជំរុញការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ បន្ថែមពីលើនេះ ក៏បានជួយបង្កើនសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការ​ការ​ពារ​អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមចំណែកការពារ​សន្តិ​​ភាព ស្ថិរភាពក្នុងតំបន់ និងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ក្រៅពីការធ្វើសមយុទ្ធជាមួយចិនហើយនោះ កម្ពុជាក៏ធ្លាប់ធ្វើសមយុទ្ធរួមគ្នាជាមួយអាមេរិក បាន៧លើក​រួចមកហើយដែរ ដោយសមយុទ្ធដំបូង គឺធ្វើឡើងនៅឆ្នាំ២០១០ ក្រោមប្រធាន​បទ «ឆ្មាំអង្គរ» ដែលជា​គំនិតផ្តួចផ្តើមនៃបេសកម្មសន្តិភាពជាសាកល (Global Peace Operation Initiative-GPOI)ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរួមគ្នារវាងក្រសួងការពារជាតិ និងក្រសួងការបរទេសអាមេរិក ដើម្បី​ជួយបណ្ដុះបណ្ដាលកងរក្សាសន្តិភាព ដោយផ្ដោតលើការផ្ដល់ជំនួយមនុស្សធម៌ និងការឆ្លើយតបចំពោះ​គ្រោះ​មហន្តរាយ។កងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក គ្រោងនឹងធ្វើសមយុទ្ធរួមគ្នា «ឆ្មាំអង្គរ ២០២៧» (Angkor Sentinel 2027) ឡើងវិញនៅដើមឆ្នាំ២០២៧ បន្ទាប់ពីបានផ្អាកអស់រយ:ពេល ១០ឆ្នាំមកនោះ៕

អត្ថបទដែលជាប់ទាក់ទង