មេធាវីលោក ថាក់ស៊ីន ព្រមានថា ថៃនឹងខូចខាតធ្ងន់ធ្ងរ ហើយអាចជាប់ ឧក្រិដ្ឋកម្មសង្គ្រាម ក្នុងជម្លោះជាមួយកម្ពុជា
ស្របពេលកងទ័ពថៃនៅតែបន្តវាយប្រហារកម្ពុជាឥតដកដៃនោះ មេធាវីផ្ទាល់របស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ គឺលោក វិនយ៉ាត់ ឆាតម៉ុនទ្រី បានព្រមានថា ប្រទេសថៃ នឹងរងការខូចខាតធ្ងន់ធ្ងរ ហើយមិនត្រូវប្រតិកម្មហួសហេតុ រហូតដល់ក្លាយជា ឧក្រិដ្ឋកម្មសង្គ្រាម បំផ្លាញថវិការដ្ឋ និងបើកផ្លូវឲ្យក្រុមនយោបាយមួយចំនួនទាញយកផលប្រយោជន៍នោះទេ។
សារព័ត៌មាន Thai Post បានដកស្រង់សំណេរលើ Facebook របស់លោកវិនយ៉ាត់ ដែលសរសេរបង្ហោះនៅថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥ថា៖ «ជម្លោះនេះ អាចបណ្តាលឲ្យមានការខូចខាតដែលមិនសមហេតុផលនិងហួសហេតុ ចំពោះប្រទេសជាតិផ្ទាល់និងអ្នកជិតខាង។ អ្វីដែលនឹងកើតឡើងតាមក្រោយ គឺ ឧក្រិដ្ឋកម្មសង្គ្រាម និង ការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ទោះបីជាប្រទេសជាតិ និងប្រជាជនថៃភាគច្រើនកំពុងជួបការលំបាកស្រាប់ទៅហើយយ៉ាងណាក្តី»។
លោកបន្តថា៖ «យើងមិនត្រូវប្រើប្រាស់ទាហាន និងឧបករណ៍របស់យើងដោយធ្វេសប្រហែស នៅក្នុងជម្លោះដែលអាចដោះស្រាយបានតាមរយៈការចរចាបានទេ។ កុំបាត់បង់ស្មារតី ហើយភ្លេចអំពើមនុស្សធម៌របស់អ្នកចំពោះគ្នាទៅវិញទៅមក។ កុំឲ្យអារម្មណ៍គ្រប់គ្រងអ្នក ហើយក្លាយជាឧបករណ៍សម្រាប់ផលប្រយោជន៍របស់អ្នកនយោបាយ, ខ្ជះខ្ជាយថវិការដ្ឋ, បំផ្លាញទំនាក់ទំនងមិត្តភាពជាមួយអ្នកជិតខាងនិងបំផ្លាញកិត្យានុភាពរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិក្នុងកម្រិតដែលមិនអាចត្រឡប់វិញបាន»។
ទោះបីជាមានការលើកឡើងបែបនេះក្តី កងទ័ពថៃ មិនព្រមបញ្ឈប់ការឈ្លានពានកម្ពុជា ហើយអនុវត្តតាមបទឈប់បាញ់ ស្វែងរកសន្តិភាពឡើយ ដោយពួកគេនៅតែផ្លោងគ្រាប់ ព្រមទាំងបញ្ជូនយន្តហោះ F-16 ចូលវាយប្រហារដីខ្មែរ ទម្លាក់គ្រាប់លើតំបន់ស៊ីវិល ត្រូវចំទាំងសាលារៀនក្មេងៗទៀតផង។
មហាអំណាចផុតលេខអាមេរិក និងមហាយក្សចិន សុទ្ធតែចេញមុខអំពាវនាវហើយខិតខំបង្កើតឲ្យមានបទឈប់បាញ់ តែភាគីថៃនៅតែផ្គើន មិនព្រមស្តាប់និងអនុវត្តតាមឡើយ ដែលនេះបង្ហាញពីភាពគឃ្លើននិងភាពស្រេកឃ្លានសង្គ្រាមរបស់ថៃ មិនខ្វល់អាយុជីវិតពលរដ្ឋស្លូតត្រង់ ដែលត្រូវរងគ្រោះដោយមហិច្ឆតាឈ្លានពានទឹកដីកម្ពុជារបស់ពួកទាហាន៕
