ផ្សែងពុលនៅ ឥណ្ឌូណេស៊ី កំពុងបង្កជាបញ្ហានយោបាយដ៏ស្មុគស្មាញសម្រាប់ប្រទេសជិតខាង
ផ្សែងអ័ព្ទពុល ដែលហុយចេញពីភ្លើងឆេះព្រៃនៅក្នុងតំបន់ Kalimantan, Papua និង Sumatra នៃប្រទេសឥណ្ឌូណេស៊ី គឺមិនចេះស្គាល់ព្រំដែនឡើយ។ ផ្សែងពុលទាំងនេះត្រូវបានខ្យល់បក់នាំទៅដល់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ហើយបានជះឥទ្ធិពលដល់ប្រជាជននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយបង្កឱ្យមានជំងឺផ្លូវដង្ហើម និងអាការឈឺក្បាល រហូតដល់បាត់បង់ជីវិតថែមទៀត។
យោងតាមសារព័ត៌មាន BBC បញ្ហាផ្សែងពុលនេះ ក៏កំពុងបង្កជាបញ្ហាឈឺក្បាលមួយបែបផ្សេងទៀតសម្រាប់រដ្ឋាភិបាលនៃបណ្តាប្រទេសទាំងនេះផងដែរ ដោយពួកគេត្រូវប្រឈមនឹងការមិនពេញចិត្តកាន់តែខ្លាំងឡើងពីសំណាក់ប្រជាពលរដ្ឋរបស់ខ្លួន ស្របពេលក៏មានការព្រួយបារម្ភនៃការប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយប្រទេសឥណ្ឌូណេស៊ី ផងដែរ។

ចំពោះបញ្ហានេះ លោក Eugene Tan សាស្ត្រាចារ្យរងផ្នែកច្បាប់នៅសាកលវិទ្យាល័យ Singapore Management University បានលើកឡើងថា៖ «ប្រជាជនមានការធុញទ្រាន់ ខឹងសម្បារ និងព្រួយបារម្ភ។ រដ្ឋាភិបាលនានាត្រូវតែឆ្លើយតបទៅនឹងពួកគេ បើមិនដូច្នោះទេ បញ្ហាដែលដើមឡើយ ជាបញ្ហាខាងក្រៅ នឹងប្រែទៅជាបញ្ហាផ្ទៃក្នុង ដែលអាចក្លាយជាប្រធានបទសម្រាប់ការលេងល្បែងនយោបាយបានយ៉ាងងាយ»។
ជាទូទៅ ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ប្រជាជននៅតាមតំបន់ធ្វើចំការ ដោយពួកគេត្រូវឈូសឆាយដីទ្រង់ទ្រាយធំ ដើម្បីដាំដំណាំដូចជាដូងប្រេង។
ប៉ុន្តែភ្លើងឆេះព្រៃនៅឆ្នាំនេះ ពិបាកគ្រប់គ្រងជាពិសេស ដោយសារតែបាតុភូតអែលនីញ៉ូ (El Ninho) ខ្លាំង ដែលបានធ្វើឱ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងព្រៃឈើ និងតំបន់មានដីសើម ក្នុងប្រទេស។ ហេតុការណ៍ចុះអ័ព្ទពីមុននៅសិង្ហបុរី និងម៉ាឡេស៊ី ជាធម្មតាមានរយៈពេលពីរបីថ្ងៃតែប៉ុណ្ណោះ ខណៈលើកនេះវាអូសបន្លាយអស់ជាច្រើនសប្តាហ៍មកហើយ។

ក្នុងទិដ្ឋភាពដ៏ងងឹតសូន្យឈឹងពោរពេញទៅដោយផ្សែងពុល ប្រជាជននៅប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមធ្វើពហិការផលិតផលឥណ្ឌូណេស៊ី ដើម្បីតវ៉ាប្រឆាំងនឹងអ័ព្ទ បន្ទាប់ពីសមាជិកសភា Syed Saddiq បានអំពាវនាវឱ្យដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលជាប់ទាក់ទងនឹងភ្លើងឆេះព្រៃ។
ទន្ទឹមគ្នានេះ ក៏មានការត្អូញត្អែរផងដែរនៅក្នុងប្រទេសសិង្ហបុរី ដោយប្រជាជន តែងតែរំពឹងទុកនូវប្រសិទ្ធភាពការងារដ៏រលូន និងល្អឥតខ្ចោះពីសំណាក់ថ្នាក់ដឹកនាំរបស់ខ្លួន។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលសិង្ហបុរី បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាផ្សែងអ័ព្ទគឺជាអាទិភាពចម្បងមួយ ហើយកំពុងស៊ើបអង្កេតក្រុមហ៊ុនចំនួន ១០ ដែលបានចុះបញ្ជីនៅសិង្ហបុរី ដោយសង្ស័យថា អាចមានជាប់ពាក់ព័ន្ធនឹងករណីឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
ដើម្បីដោះស្រាយបញ្ហានេះ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan និង ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសបង្កើតក្រុមការងារចម្រុះមួយដើម្បីដោះស្រាយបញ្ហាផ្សែងអ័ព្ទ បន្ទាប់ពីមានភាពតានតឹងរវាងប្រទេសទាំងពីរបានអូសបន្លាយអស់រយៈពេលជាច្រើនសប្តាហ៍។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ តែមួយខែប៉ុណ្ណោះ ផ្សែងពុលដែលកើតចេញពីភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូនេស៊ី បានបណ្តាលឱ្យមានមនុស្សស្លាប់ប្រមាណ ៣ ៥៦០ នាក់។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA)៕

