រដ្ឋបាលរាជធានីភ្នំពេញ បន្តដឹកជញ្ជូនអំណោយស្បៀងអាហារ ចម្រុះច្រើនមុខ ទៅប្រគល់ជូនសមរភូមិជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយ ជាស្បៀងអាហារ សំភារៈចាំបាច់មួយចំនួនធំ ដែលជាអំណោយសប្បុរសធម៌ពីសប្បុរសជន បានផ្ដល់តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទៅប្រគល់ជូនវីរៈកងទ័ព សមរភូមិជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តឧត្ដរមានជ័យ។
លោក ឯក ឃុនដឿន អភិបាលរង ជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌បានមកពីសប្បុរសជន គ្រប់មជ្ជដ្ឋានជាស្បៀងអាហារចាំបាច់ទៅ ប្រគលល់ជូនគណៈបញ្ជាការឯកភាពស្រុកអន្លង់វែង ដើម្បីបែងចែកបន្តជូនទៅវីរៈកងទ័ពនៅសមរភូមិជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹក។
ពិធីប្រគល់អំណោយសប្បុរសធម៌ របស់សប្បុរសជន បានធ្វើឡើងដោយលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ប្រគល់ជូនលោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លុងវែង កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលជនភៀសសឹក ក្នុងស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លុងវែង បានបង្ហាញពីការត្រេកអរជាខ្លាំង ដោយទទួលដំណឹងថា លោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានចាត់តំណាង ដឹកស្បៀងមកប្រគល់ជូនរដ្ឋបាលស្រុកអន្លុងវែង ដើម្បីជួយបែងចែកបន្តជូនទៅដល់សមរភូមិជួរមុខ ទិសខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីតំបន់យោធាថៃ បើកការបាញ់ប្រហារ ផ្លោងគ្រាប់ ទម្លាក់គ្រាប់ពីយន្តហោះ F -16 ដើម្បីបំពេញមហិច្ចិតាឈ្លានពានទឹកដីកម្ពុជា។
លោក ងួន ទ្ធីរិទ្ធ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ប្រពលរដ្ឋ និងវីរៈកងទ័ព ក៏ដូចពួកយើងខ្ញុំនៅសមរភូមិជួរមុខ និងសូមអរគុណដល់បងប្អូនប្រជាពរដ្ឋ សប្បុរសជននៅរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានតាមលទ្ធផលភាពមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។
ជាក់ស្តែងថ្ងៃនេះ ជំនួយមនុស្សធម៌របស់បងប្អូន ត្រូវបានអភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារ តំណាងលោក ឃួង ស្រេង ដឹកជញ្ជួនមកប្រគល់ឱ្យមានអាហារក្រៀមចម្រុះមុខ អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ។ល។ ទាំងអស់នេះ គឺជាសម្ភារចាំបាច់បំផុតសម្រាប់យើងខ្ញុំ។
លោក ឯក ឃុនឌឿន បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង សូមគោរពអរគុណ និងដឹងគុណចំពោះបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំងជាមួយសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា កន្លងមកនេះ បង្កឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ខូចខាត់យ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណវត្ត សាលារៀន មន្ទីរពេទ្យ អគារ ផ្ទះ ស្ពាន ថ្នល់ជាច្រើនរបស់កម្ពុជា។
លោកបន្តថា សូមបងប្អូនវិរកងទ័ពយើងជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ចាប់ព្រឹកថ្ងៃអាទិត្យទី១៣ដល់ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល៣ថ្ងៃ៤យប់ ឯកឧត្តមឯក ឃុនដឿន អភិបាលរងតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌ ដែលសប្បុរសជនបរិច្ចាគជូនតាមការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ មានទាំងថវិកា ស្បៀងអាហារ ចម្រុះច្រើនមុខ ទៅប្រគល់ជូនសមរភូមិជួរមុខ ក្នុងនោះទិសខេត្តព្រះវិហារ ចំនួន៩កុងទឺន័រ និងរថយន្តរួចបន្តទៅប្រគល់ជូនសមរភូមិជួរមុខ ទិសខេត្តឧត្តរមានជ័យ ចំនួន១រថយន្តកុងតឺន័រទៀត។
គួររំលឹកថា៖ ការឈ្លានពានទឹកដីកម្ពុជា ដោយរដ្ឋាភិបាល និងយោធា ថៃជាលើកទី២ កាលពីថ្ងៃទី៧ ធ្នូ រហូតមកដល់ពេលនេះ១១ថ្ងៃហើយ ពួកគេនូវមិនទាន់បញ្ឈប់សកម្មភាពឈ្លានពានបូរណភាពទឹកកម្ពុជានៅឡើយ៕
