ឯកអគ្គរដ្ឋទូតចិន Fu Cong និងជប៉ុន Yamazaki Kazuyuki បានបន្តទាស់ពាក្យសម្ដីជាមួយគ្នាក្នុងពេលប្រជុំ នៅឯអង្គការសហប្រជាជាតិ (UN)
ឯកអគ្គរដ្ឋទូតចិន Fu Cong និងជប៉ុន Yamazaki Kazuyuki កាលពីថ្ងៃអង្គារទី១៦ធ្នូ បានបន្តទាស់ពាក្យសម្ដីជាមួយគ្នាក្នុងពេលប្រជុំ នៅឯអង្គការសហប្រជាជាតិ (UN) ដោយបញ្ជាក់សារជាថ្មីនូវការទាមទារឲ្យនាយករដ្ឋមន្ត្រីជប៉ុន Takaichi Sanae ដកការលើកឡើងរបស់លោកស្រី អំពីភាពអាសន្នដែលអាចកើតមាននៅតៃវ៉ាន់។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ភាគីជប៉ុនលោកលោក Yamazaki Kazuyuki និយាយថា វាជារឿងសោកស្តាយដែលចិនបានធ្វើសេចក្តីថ្លែងការណ៍គ្មានមូលដ្ឋានប្រឆាំងនឹងជប៉ុន។ ជាពិសេស ការលើកឡើងរបស់លោក Fu បានងាកចេញពីរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃនោះ ដែលជាការពិភាក្សាអំពីបញ្ហានានា រួមទាំងការជ្រើសរើសអគ្គលេខាធិការបន្ទាប់តែប៉ុណ្ណោះ។
នាថ្ងៃនោះ លោក Fu Cong បានពិពណ៌នាអំពីការលើកឡើងរបស់លោកស្រី Takaichi ដដែលៗថា «នោះជាការជ្រៀតជ្រែកយ៉ាងឈ្លើយបំផុតនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន» ។ លោកសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ចិន ហើយមិនអាចបំបែកចេញពីគ្នាបានទេ។
ជាងនេះទៀតដែរ តំណាងចិនក៏បានផ្ញើលិខិតពីរដងចាប់តាំងពីខែមុនទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដោយស្វែងរកការដកនូបពាក្យសម្ដីលោកស្រី Takaichi ហើយបន្តថ្កោលទោសប្រទេសជប៉ុន។
ចាប់តាំងពីពេលនោះមក ទំនាក់ទំនងការទូតរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីលោកស្រី Takaichi បានបោះសម្ដីថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់ អាចបង្កឲ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ៕
