ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់ឱ្យអ៊ុយក្រែនសម្រេចចិត្តលឿនៗ ជុំវិញកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទូចឱ្យអ៊ុយក្រែនសម្រេចចិត្តឱ្យលឿនៗ ជុំវិញកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ស្របពេលកិច្ចពិភាក្សាថ្មីត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅនៅទីក្រុង Miami នាចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា អ៊ុយក្រែននឹងសម្រេចចិត្តលឿនៗ ព្រោះនៅពេលដែលពួកគេចំណាយពេលយូរខ្លាំងពេក រុស្ស៉ីអាចនឹងផ្លាស់ប្តូរគោលជំហររបស់ខ្លួនវិញ»។ លោក ត្រាំ បាននិងកំពុងព្យាយាមជំរុញឱ្យមាន កិច្ចព្រមព្រៀងឆាប់រហ័សមួយ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយក្រុមអ្នកចរចា កំពុងតែបន្តពិភាក្សាគ្នាលើសំណើផែនការសន្តិភាព។
បេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសាលោកត្រាំ លោក Jared Kushner ត្រូវបានរំពឹងថា នឹងជួបប្រធានក្រុមអ្នកចរចាអ៊ុយក្រែន លោក Rustem Umerov នៅរដ្ឋ Florida ចុងសប្តាហ៍នេះ។ ទន្ទឹមគ្នា មន្រ្តីអាមេរិកទាំង២រូប ក៏នឹងបើកជំនួបដាច់ដោយឡែកផងដែរ ជាមួយក្រុមមន្រ្តីមកពីរុស្ស៉ី នៅទីក្រុង Miami។
គួរបញ្ជាក់ថា បើតាមអ៊ុយក្រែននិងសហរដ្ឋអាមេរិក មកទល់ពេលនេះ គឺសម្រេចបានវឌ្ឍនភាពមួយចំនួន ជុំវិញសំណួរស្តីពីការធានាសន្តិសុខនាពេលអនាគត សម្រាប់អ៊ុយក្រែន ប៉ុន្តែនៅមានការខ្វែងគំនិតគ្នានៅឡើយ ជុំវិញទឹកដីដែលអ៊ុយក្រែន ត្រូវលះបង់ឱ្យទៅរុស្ស៉ី៕
