លោកត្រាំព្រមានក្រុមហាម៉ាសថា «នឹងរងទណ្ឌកម្មធ្ងន់ធ្ងរ» បើមិនទម្លាក់អាវុធតាមកិច្ចព្រមព្រៀង

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងខ្លាំងៗទៅកាន់ក្រុមហាម៉ាស កាលពីថ្ងៃចន្ទទី២៩ខែធ្នូឆ្នាំ២០២៥ ថា ពួកគេនឹងត្រូវប្រឈមមុខនឹង «ទណ្ឌកម្មធ្ងន់ធ្ងរ» បើមិនព្រមទម្លាក់អាវុធឲ្យបានឆាប់រហ័ស តាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្គាហ្សា។

យោងតាមសារព័ត៌មាន TRT World ការថ្លែងនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅរីសត Mar-a-Lago ក្នុងរដ្ឋផ្លរីដា។ លោកត្រាំ បានសង្កត់ធ្ងន់ថា ការទម្លាក់អាវុធគឺជាលក្ខខណ្ឌមិនអាចខ្វះបាន ដើម្បីឈានទៅរកដំណាក់កាលទី២ នៃផែនការឈប់បាញ់ ខណៈលោកអះអាងថា ខាងភាគីអ៊ីស្រាអែលបានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនយ៉ាងល្អ១០០ភាគរយហើយ។

លោកត្រាំ បានមានប្រសាសន៍ថា «បើពួកគេមិនទម្លាក់អាវុធតាមអ្វីដែលបានព្រមព្រៀងទេ នោះពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ ពួកគេត្រូវតែទម្លាក់អាវុធក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ»។

ក្រៅពីបញ្ហាហ្គាហ្សា លោកត្រាំ ក៏បានបង្ហាញពីផែនការយុទ្ធសាស្ត្រតំបន់មួយចំនួន រួមមាន៖

តួនាទីរបស់តួកគី៖ លោកត្រាំ គ្រោងនឹងពិភាក្សាជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdoğan អំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពតួកគី ជាផ្នែកមួយនៃកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ (ISF) នៅហ្គាហ្សា។

បញ្ហាអ៊ីរ៉ង់៖ លោកត្រាំ បានប្តេជ្ញាថា អាមេរិកនឹងវាយកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បើរកឃើញថា ប្រទេសនេះព្យាយាមពង្រឹងកម្លាំងយោធាឡើងវិញ។

ទោះបីជាលោកត្រាំ និងលោកណេតាន់យ៉ាហ៊ូ មានភាពស៊ីសង្វាក់គ្នាលើបញ្ហាហ្គាហ្សា ប៉ុន្តែមេដឹកនាំអាមេរិក ក៏បានបង្ហើបថា លោកនិងមេដឹកនាំអ៊ីស្រាអែលនៅមានភាពខុសគ្នាខ្លះលើបញ្ហានៅតំបន់ West Bank ដែលកំពុងមានជម្លោះខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង