អភិបាលខេត្តបាត់ដំបង ប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកសំឡូតថ្មី, លោក ហ៊ុន ធឿន ជំនួសលោក សើ សាម៉េត ផ្ទេរទៅអភិបាលស្រុករតនមណ្ឌលវិញ

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកសំឡូតថ្មី។ ពិធីនេះធ្វើឡើងនៅ នៅបរិវេណសាលាស្រុកសំឡូត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព កងកម្លាំង​ប្រដាប់​អាវុធ​ និងអាជ្ញាធរមូលដ្ឋាន។

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា លោក ហ៊ុន ធឿន ត្រូវបានតែងតាំង ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកសំឡូត ជំនួសលោក សើ សាម៉េត ដែលត្រូវផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលស្រុកសំឡូត ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុករតនមណ្ឌល។

លោក ហ៊ុន ធឿន បានប្ដេជ្ញា អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋានស្រុកសំឡូត និងចូលរួមក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគោលនយោបាយកំណែទម្រង់នានា។

ក្នុងឱកាសនេះលោក សុខ លូ បានណែនាំដល់លោក ហ៊ុន ធឿន អភិបាលស្រុកទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ការបង្រ្កាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើងឲ្យអស់ពីក្នុងមូលដ្ឋាន។

លោកអភិបាលខេត្តណែនាំគណៈបញ្ជាការឯកភាពស្រុកត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ សហការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានរ៉ែ ការកាប់ព្រៃឈើ ការកាយយកថ្មភ្នំ និងក្រួសជាដើម ឲ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តតាមដាន សហការអនុវត្តការពារដែនអភិរក្សបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឲ្យបានម៉ត់ចត់ និងទប់ស្កាត់បទល្មើសឲ្យខាងតែបាន។

លោក សុខ លូ ជំរុញឲ្យអាជ្ញាធរស្រុកត្រូវបន្តអនុវត្តយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម ដោយបង្កើនការដាំដើមឈើឲ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា៕

អត្ថបទដែលជាប់ទាក់ទង