អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ សំឡេងប្រជាជាតិខ្មែរ និងការងារការទូតប្រកបដោយភាពចាស់ទុំ និងត្រឹមត្រូវរបស់រដ្ឋាភិបាល ធ្វើឱ្យសហគមន៍អន្តរជាតិ តាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញឱ្យមានដំណោះស្រាយ ដោយសន្តិវិធីតាមច្បាប់អន្តរជាតិ

(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុជាតិ មាតុភូមិ មានទំហំធេង និងខ្លាំងក្លាគួរជាទីមោទនយ៉ាងក្រៃលែង។ សំលេងប្រឆាំងសង្គ្រាម និងទាមទាររកសន្តិភាព របស់ព្រះសង្ឃ មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានលាន់លឺឡើងពាសពេញពិភពលោក។ សំឡេងរបស់ប្រជាជាតិខ្មែរ និងការងារការទូតដ៏សកម្មក្លៀវក្លា ប្រកបដោយភាពចាស់ទុំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍អន្តរជាតិ តាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញឱ្យមានដំណោះស្រាយ ដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។

ការចេញមកបញ្ជាក់បែបនេះរបស់ លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីពី «ការវិវត្តន៍ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ» គិតមកដល់ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦។

លោក ប៉ែន បូណា បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងទាំងអស់គ្នា ក៏បានសង្កេតឃើញយ៉ាងច្បាស់ក្រឡែតនឹងភ្នែកគ្រប់ៗគ្នាថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ពិតជាមានទំហំធេង និងខ្លាំងក្លាគួរជាទីមោទនយ៉ាងក្រៃលែង។ សំឡេងប្រឆាំងសង្គ្រាម និងទាមទាររកសន្តិភាព របស់ព្រះសង្ឃ មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានលាន់លឺឡើងពាសពេញពិភពលោក។ សំឡេងរបស់ប្រជាជាតិខ្មែរ និងការងារការទូតដ៏សកម្មក្លៀវក្លា ប្រកបដោយភាពពចាស់ទុំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍អន្តរជាតិ តាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញឱ្យមានដំណោះស្រាយ ដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ»

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏សូមរម្លឹកជូនជនរួមជាតិឱ្យបានជ្រាបថា ប្រទេសជាតិយើង និងប្រជាជនយើង បានហែលឆ្លងកាត់ដំណាក់កាល​ដ៏លំបាកលំប៉ិនបំផុត ឈឺចាប់ខ្លោចផ្សាបំផុត និងខ្ទេចខ្ទាំបំផុតរួចហើយ កាលពីក្នុងអំឡុងសម័យសង្គ្រាមស៉ីវិល សម័យកាលនៃការបែកបាក់ជាតិ និងជាពិសេសក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្នាក់ដឹកនាំ រៀមច្បងរបស់យើង ក៏បានបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះចោល និងបើកទំព័រប្រវត្តិសាស្ត្រសាស្ត្រថ្មី ប្រកបដោយក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នារួចរាល់ហើយដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ដូច្នេះការលំបាករបស់យើងនៅពេលនេះ មិនអាចវាយបំបាក់ទឹកចិត្តស្នេហាជាតិ ដ៏ជ្រាលជ្រៅរបស់យើងបានឡើយ។ ផ្ទុយទៅវិញវាបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីរបស់យើងឱ្យខានតែបាន តាមមធ្យោបាយសន្តិវិធី ដោយមានច្បាប់អន្តរជាតិ ជាទីពឹង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

លោកបានបន្ថែមទៀតថា ជំហរច្បាស់លាស់ និងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របជាមួយនឹងជំហរបស់សហគមន៍អន្តរជាតិទាំងស្រុង ខណៈភាគីថៃ ក៏បានឯកភាព ដោះស្រាយបញ្ហាព្រំដែន ដោយប្រើប្រាស់យន្តការដែលមានស្រាប់ និងអនុលោមតាមច្បាប់អន្តរជាតិ ដូចមានចែងនៅចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ នេះជាក្តីសង្ឃឹមក្នុងដំណោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ ជាមួយនឹងប្រទេសថៃ ដោយរក្សាបានទាំងស្រុងនូវដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។ ដូច្នេះ នេះជាកាលៈទេសៈដ៏សំខាន់បំផុតមួយដែលខ្មែរត្រូវប្រើកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លារបស់ខ្លួន ដោយផ្តល់ទំនុកចិត្ត និងផ្តល់ការគាំទ្រយ៉ាងមោះមុតដល់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ដែលត្រូវបានការពារយ៉ាងរឹងមាំដោយច្បាប់អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង