កម្ពុជាបង្កើនការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ី ដើម្បីជំរុញសេដ្ឋកិច្ចជាតិ
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន JFT Jet ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា ក្នុងការផ្តល់សេវាយន្តហោះឯកជន (Private Jet) រួមជាមួយ Lotus Group of Companies បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីទិសដៅ និងយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ី មកកាន់ប្រទេសកម្ពុជា។
ក្នុងឱកាសនោះ លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកាក្រុមហ៊ុន JFT Jet និង លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House ដែលនឹងបើកនៅក្នុងប្រទេសកម្ពុជានៅក្នុងខែកុម្ភៈ។ ប្រទេសជាសមាជិក BRICS គឺជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេលើពិភពលោក ហើយការបើក Boxing House នៅកម្ពុជា ប្រាកដជានឹងបង្កើនលំហូរវិនិយោគដោយផ្ទាល់ចូលទៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក និងលោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសអនុញ្ញាតឲ្យក្រុមហ៊ុនទាំងពីរ ចូលជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់សំខាន់ៗ ជុំវិញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
លោក Vladimir Palancica ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យទេសចរណ៍អន្តរជាតិ បានលើកឡើងថា កិច្ចពិភាក្សានេះផ្តោតលើលទ្ធភាពបើកផ្លូវ ហោះហើរត្រង់ពីសហព័ន្ធរុស្ស៊ី មកកម្ពុជា និងការពិចារណាលើការសម្រួលទិដ្ឋាការ (Visa Facilitation) សម្រាប់ទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ី។
លោកបានបញ្ជាក់ថា កម្ពុជា មានសក្តានុពលខ្លាំងក្នុងការទាក់ទាញទេសចររុស្ស៊ី ដោយសារមានធនធានទេសចរណ៍សម្បូរបែប រួមមានប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត និងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ ដែលមិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។
ក្នុងឱកាសនោះ លោកក៏បានអញ្ជើញលោករដ្ឋមន្ត្រីទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិខ្នាតធំ ដែលគ្រោងរៀបចំនៅទីក្រុងម៉ូស្គូ នាពេលខាងមុខផងដែរ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិត និងយុទ្ធសាស្រ្តសហការរវាងភាគីឯកជន និងរដ្ឋ ក្នុងការបង្កើនលំហូរភ្ញៀវទេសចររុស្ស៊ី មកកាន់កម្ពុជា ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួន សម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឲ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យ និងមានចីរភាព។
គួរបញ្ជាក់ថា ភ្ញៀវទេសចររុស្ស៊ី ត្រូវបានចាត់ទុកថាជាទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ មានទំនោរចូលចិត្តសេវាកម្មគុណភាព ដូចជា ទេសចរណ៍សុខភាព ស្ប៉ា និងការស្នាក់នៅរយៈពេលវែង។ ជាមធ្យម ការធ្វើដំណើររបស់ពួកគេមានរយៈពេលពី ៥-៧ ថ្ងៃ ហើយមួយចំនួនអាចស្នាក់នៅរហូតដល់ ១-២ខែ ដែលជាកត្តាសំខាន់ក្នុងការជំរុញចំណូលសេដ្ឋកិច្ចជាតិ។
បន្ថែមពីនេះ Lotus Group of Companies គឺជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះ ដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាកម្មដំណើរកម្សាន្តគុណភាព នៅប្រទេសរុស្ស៊ី និងប្រទេសជាច្រើនក្នុងតំបន់អាស៊ី។
តាមរយៈកិច្ចសហការរវាង JFT Jet, Lotus Group និងការគាំទ្រពី ក្រសួងទេសចរណ៍នេះ ត្រូវបានចាត់ទុកថា ជាឱកាសដ៏សំខាន់មួយ សម្រាប់យុទ្ធសាស្រ្តបើកទ្វារទទួលយកទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការរីកចម្រើននៃវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលមធ្យម និងវែង៕
