រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំង៧ ព្រមទាំងស្តាប់នូវសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មការទាំង៧ផងដែរ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ, លោក លោកស្រី ថ្នាក់ដឹកនាំ និងអគ្គនាយក ព្រមទាំងលោក លោកស្រីប្រធាននាយកដ្ឋាន និងសមាជិក សមាជិកាសរុបប្រមាណ ១០០នាក់។

ថ្លែងក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសម្រេចបាននូវវឌ្ឍនភាពការងារគួរជាទីកត់សម្គាល់។

បន្ទាប់ពីស្តាប់នូវសេចក្តីរាយការណ៍របស់អនុគណៈកម្មការទាំង៧ រួចមក លោករដ្ឋមន្ត្រី បានជំរុញឱ្យអនុគណៈកម្មការទាំងអស់ បន្តសហការយ៉ាងជិតស្និទ្ធ បំពេញភារកិច្ចឱ្យបានទាន់ពេលវេលា និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា សន្និបាតនឹងអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់លាស់អំពីសមិទ្ធផល បញ្ហាប្រឈម និងបទពិសោធពីការអនុវត្តការងារកន្លងមក ព្រមទាំងកំណត់ទិសដៅ និងអាទិភាពការងារសម្រាប់ឆ្នាំ២០២៦ ឱ្យសមស្របនឹងបរិបទជាតិ និងតំបន់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានឯកភាពលើវិធានការសំខាន់ៗមួយចំនួន និងបានណែនាំឱ្យបន្តតាមដានវឌ្ឍនភាពការងារយ៉ាងជាប់លាប់ ដើម្បីធានាឱ្យការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយជោគជ័យ និងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរឹងមាំ និងចីរភាព៕

អត្ថបទដែលជាប់ទាក់ទង