សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារ សម្រាប់តែសមាជិកអចិន្ត្រៃយ៍ប៉ុណ្ណោះ
(រាជធានីភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារបញ្ជាក់បន្ថែមជូនជនរួមជាតិក្មេរជ្រាបថា ជុំវិញការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពនេះ។
សម្តេចបញ្ជាក់ថា ការចូលរួម គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល ហើយការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ លើកលែងតែសមាជិកអចិន្ត្រៃយ៍ប៉ុណ្ណោះ ដែលតម្រូវឱ្យបង់ថវិកា ១ពាន់លានដុល្លារ។
សម្តេចបវរធិបតី បានបង្ហោះសារទាំងស្រុងដូច្នេះថា៖ «កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។
ការចូលរួមនេះ គឺ។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាង និងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជា តែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួន ដែលរងគ្រោះដោយសារសង្រ្គាម។
ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង (អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»។
