ប្រទេសកូរ៉េខាងត្បូង ធានាលើការសន្យាវិនិយោគនៅអាមេរិក ក្រោយ ដូណាល់ ត្រាំ គំរាមដំឡើងពន្ធជាថ្មី
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានផ្ដល់ការធានាដល់សហរដ្ឋអាមេរិកថា ខ្លួននឹងប្ដេជ្ញាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរួមបញ្ចូលទាំងការសន្យាវិនិយោគរាប់រយប៊ីលានដុល្លារនៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ គំរាមដំឡើងពន្ធជាថ្មីលើរថយន្ត និងមុខទំនិញផ្សេងៗទៀតរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា សភាកូរ៉េខាងត្បូងបានបរាជ័យលើសន្យារបស់ខ្លួន ដោយមិនបានអនុម័តឱ្យបានឆាប់រហ័សលើកិច្ចព្រមព្រៀងដែលលោកបានសម្រេចឡើងកាលពីឆ្នាំមុន ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេ ម្យ៉ុង (Lee Jae Myung) ពាក់ព័ន្ធនឹងការវិនិយោគរបស់កូរ៉េខាងត្បូងនៅអាមេរិក ជាថ្នូរនឹងការបន្ថយពន្ធ។
ក្រោមសម្ពាធចុងក្រោយរបស់លោក ត្រាំ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយនឹងបន្តចាត់វិធានការចាំបាច់អនុវត្តជាក់ស្ដែង ដើម្បីបញ្ចៀសពន្ធគយខ្ពស់របស់អាមេរិក។
ឥឡូវនេះ ជំនួយការគោលនយោបាយសំខាន់របស់លោក លី ចេ ម្យ៉ុង បានរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ ហើយរដ្ឋមន្ត្រីឧស្សាហកម្ម ដែលបច្ចុប្បន្នកំពុងស្ថិតនៅកាណាដា រំពឹងថានឹងធ្វើទស្សនកិច្ចសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដើម្បីជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick។
វិមានប្រធានាធិបតីកូរ៉េខាងត្បូង ក៏បាននិយាយផងដែរថា ប្រេសិតពាណិជ្ជកម្មជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer។
ដោយឡែកគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូងឯណោះវិញ បាននិយាយថា សេចក្តីព្រាងច្បាប់ចំនួន ៥ ដែលត្រូវការដើម្បីអនុម័តការវិនិយោគនៅសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យឡើងវិញរបស់គណៈកម្មាធិការ ហើយដោយមានការគាំទ្រពីគណបក្សប្រឆាំងផង សភានឹងអាចអនុម័តវាបាននាពេលឆាប់ៗខាងមុខ ទោះបីជាកាលបរិច្ឆេទបោះឆ្នោតសម្រេច មិនទាន់មានក៏ដោយ។
ជុំវិញបញ្ហានេះ អតីតអ្នកចរចាពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Choi Seok-young បាននិយាយថា ការគំរាមកំហែងពន្ធគយរបស់លោក ត្រាំ ហាក់ដូចជាចលនានយោបាយដែលមានគោលបំណងដាក់សម្ពាធលើកូរ៉េខាងត្បូង ឱ្យធ្វើសម្បទានក្នុងការចរចាពាណិជ្ជកម្មលើរបាំងមិនមែនពន្ធគយ។
គួររំឭកថា លោក ត្រាំ និងលោក លី បានព្រមព្រៀងគ្នាជាគោលការណ៍កាលពីខែកក្កដាឆ្នាំមុនថា កូរ៉េខាងត្បូងនឹងវិនិយោគគិតជាទឹកប្រាក់ ៣៥០ ប៊ីលានដុល្លារ ទៅអាមេរិក ទោះបីជាមានការព្រួយបារម្ភអំពីផលប៉ះពាល់លើសេដ្ឋកិច្ចកូរ៉េខាងត្បូងក៏ដោយ។
យ៉ាងណាមិញ លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា មកទល់ពេលនេះ សភាកូរ៉េខាងត្បូងមិនទាន់បានអនុម័តកិច្ចព្រមព្រៀងនៅឡើយទេ ហើយបានប្រកាសថា លោកនឹងដំឡើងពន្ធលើរថយន្ត ឈើ ឱសថ និងទំនិញផ្សេងទៀតរបស់កូរ៉េខាងត្បូងពីត្រឹម ១៥% ដល់ ២៥%។ លោកមិនបានបញ្ជាក់ថាតើពន្ធថ្មីនេះ នឹងចូលជាធរមាននៅពេលណានៅឡើយទេ។
គេមើលឃើញថា ការនាំចេញរបស់កូរ៉េខាងត្បូងបានឈានដល់កំណត់ត្រាខ្ពស់ ៧០៩,៤ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៥ ដោយក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិក រួមចំណែកប្រមាស ១២២,៩ ប៊ីលានដុល្លារ ដែលធ្វើឱ្យអាមេរិកក្លាយជាទីផ្សារធំទី២របស់កូរ៉េខាងត្បូង បន្ទាប់ពីចិន។
ការនាំចេញរថយន្តរបស់កូរ៉េខាងត្បូង ទៅកាន់សហរដ្ឋអាមេរិក មានចំនួន ៣០,២ ប៊ីលានដុល្លារ។ ពន្ធខ្ពស់របស់ ត្រាំ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន Hyundai Motor និង Kia ខ្លាំងជាងគេ៕
